(ភ្នំពេញ)៖ លោកឧកញ៉ា គួច ម៉េងលី អ្នកជំនាញក្នុងវិស័យអប់រំមួយរូបនៅកម្ពុជា បានអះអាងថា ការដែលលោកឪពុកអ្នកម្តាយ ឬអាណាព្យាបាល បញ្ជូនកូនខ្លួនឲ្យទៅរៀនភាសាជាតិ មុននឹងរៀនភាសាបរទេស ធ្វើឲ្យកូនពួកគាត់មានផលប្រយោជន៍ ដល់ទៅ៥យ៉ាងឯណោះ។

ថ្លែងនៅក្នុងកិច្ចសម្ភាសមួយ អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា ផលប្រយោជន៍ទាំង៥ ដែលក្មេងទទួលបាន ក្នុងការរៀនភាសាជាតិ មុនរៀនភាសាបរទេសរួមមាន៖

១៖ ជួយឲ្យក្មេងវប្បធម៌ប្រពៃណីសង្គមជាតិខ្លួនឯង
២៖ ជួយឲ្យក្មេងរៀនភាសាទី២ ដែលជាភាសាបរទេសឆាប់ចេះ ឆាប់ចាំ និងឆាប់ជោគជ័យ
៣៖ ជួយឲ្យក្មេងមានសុជីវធម៌ មានទំនាក់ទំនងជាមួយគ្រួសារ (ក្មេងដក់ជាប់តែនឹងភាសាបរទេស ផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារ ព្រោះគ្រួសារគាត់ភាគច្រើនអត់ភាសាបរទេសដូចគាត់)
៤៖ ការរៀនភាសាចេះ មុនធ្វើឲ្យការរៀនភាសាទី២ មានភាពងាយស្រួល
៥៖ អាចប្រើប្រាស់បានទាំងពីរភាសា គឺភាសាដើម និងភាសាបរទេស។

លោកឧកញ៉ា គួច ម៉េងលី បានដាស់តឿនថា បើចង់ឲ្យក្មេងឆ្លាតត្រូវឲ្យក្មេងរៀនភាសាពីរ គឺភាសាជាតិនិងភាសាទី២ ដែលជាភាសាបរទេស ប៉ុន្តែបើដាក់ឲ្យក្មេងរៀនបរទេសមុន ភាសាបរទេសនឹងដក់ជាប់ក្នុងកោសិកាខួរក្បាលក្មេង ដែលជាហេតុធ្វើឲ្យក្មេងពិបាកនឹងទទួលយកភាសាដើម។ បើឲ្យក្មេងរៀនភាសាជាតិមុន ក្មេងនឹងមានគ្រឹះ ហើយទៅថ្ងៃក្រោយក្មេងរៀនភាសាបរទេស មានភាពងាយស្រួល ព្រោះភាសាដើមមានឥទ្ធិពលលើភាសាបរទេស។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារភាសាបរទេសមិនមែន ជាភាសាជាតិដើមរបស់ខ្មែរ ម្ល៉ោះហើយទោះក្មេងខ្មែរនិយាយមិនបានល្អ មិនពីរោះ មិនសូវក្បោះក្បាយដូចជនជាតិដើមរបស់គេ ក៏គេមិនប្រកាន់ដែរ សំខាន់យើងយល់ អាចប្រើប្រាស់ទំនាក់ទំនងគ្នា»។

លោកឧកញ៉ា បានផ្ដល់យោបល់ថា ជាការល្អឲ្យក្មេងចូលរៀនភាសាខ្មែរ ចាប់ពីអាយុ៣ឆ្នាំសិន។ លុះដល់ពេល៦ឆ្នាំ ចាំឲ្យក្មេងរៀនទាំងពីរភាសា ពេលនោះក្មេងចាប់ភាសាខ្មែរក៏បាន ភាសាបរទេសក៏បាន ហើយរៀនពូកែណាស់។

លោកអះអាងទៀតថា បើតាមភាសាវិទូ បានបញ្ជាក់ថា ភាសាជាតិ ឬភាសាទី១ គឺជាភាសាទាំងឡាយណា ដែលគេចាប់ផ្ដើមរៀនដំបូងគេ ចំណែកភាសាទី២ ឬភាសាបរទេស គឺជាភាសាទាំងឡាយណាដែលគេរៀនបន្ទាប់ពីភាសាទី១។

លោកឧកញ៉ា គួច ម៉េងលី ធ្លាប់បានលើកឡើងថា ការយកភាសាទី២ ជាភាសាគោល ហើយមិនឲ្យតម្លៃភាសាខ្មែរខ្លួនឯងបែបនេះ វាគឺជាចំណុចមួយខ្វះខាត ហើយអន់បំផុត ហើយវាគឺជាសកម្មភាពមួយ នៃការបង្ហាញភាពមិនឲ្យតម្លៃពូជសាសន៍ មិនឲ្យតម្លៃភាសា និងមិនឲ្យតម្លៃប្រទេសជាតិខ្លួនឯង។ អ្នកជំនាញរូបនេះ ក៏បានរិះគន់ខ្លាំងៗផងដែរ ដល់គំនិតកូនខ្មែរមួយចំនួន ដែលគិតតែខិតខំរៀនភាសាបរទេសយ៉ាងច្រើនភាសាខ្មែរ ស្របពេលខ្លួនគេផ្ទាល់ សរសេរអក្សរខ្មែរមិនត្រឹមត្រូវទាល់តែសោះ។

លោកបានបញ្ជាក់ថា «មិនមែនខ្ញុំមិនឲ្យរៀនភាសាអង់គ្លេសទេ ខ្ញុំគ្រាន់តែអំពាវនាវថា ឲ្យកូនខ្មែរយើងចេះភាសាខ្មែរឲ្យក្បោះក្បាយ ឲ្យច្បាស់លាស់ ឲ្យចេះអានចេះសរសេរ ហើយពេលហ្នឹងកូនអាយុត្រឹម៣ ទៅ៤ឆ្នាំ រៀនថ្នាក់ទី៣ ឬទី៤ យើងអាចឲ្យក្មេងទៅរៀនភាសាទី២ គេហៅសាលាទី២ ដែលអង់គ្លេសគេហៅថា ESL (English as a Second Language) ឬ FSL (French as a Second Language)។ នេះក្បួនគេរៀន នៅស្រុកណាក៏ដូចស្រុកណាដែរ»៕

Advertising