(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកស្រី ប៉ែន ចាន្នី នាព្រឹកថ្ងៃទី១៨ ខែតុលានេះ រួមនិងនាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរបុណ្យអង្គកឋិនទានសាមគ្គី ឆ្ពោះទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តត្រពាំងវែង ស្ថិតក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

នេះជាសទ្ធាជ្រះថ្លា និងជាអង្គកឋិនទី ៣ហើយដែល នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ទទួលបានការអនុញាតិ្តពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដង្ហែរអង្គកឋិនទានទៅវេរប្រគេនដល់ព្រះសង្ឃនោះ។

នៅថ្ងៃទី២០ ខែតុលា នឹងហែរអង្គកឋិនទាន ចូលទៅកាន់វត្តវិហារបិទមាស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ នាយឧត្តមសេនីយ៍ និងលោកស្រី ក៏បានប្រគេនបច្ច័យសង្កត់ត្រ័យ ដែលប្រមូលបានពីអង្គកឋិនទាននេះ មានចំនួនជាង ១២០លានរៀល, បានប្រគេនព្រះចៅអធិការវត្ត ៥លានរៀល, ព្រះសង្ឃក្រាលគ្រងមានចំនួន ៤០ម៉ឺនរៀល, គ្រូសូត្រឆ្វេង សូត្រស្តាំក្នុង ១អង្គបច្ច័យចំនួន ២០ម៉ឺនរៀល និងបានឧបត្ថម្ភតាអាចារ្យ គណៈកម្មាការវត្ត ចំនួន១០លានរៀល សម្រាប់ចាត់ចែង និងក្នុងម្នាក់ៗ ៥ម៉ឺនរៀល។

ស្របពេលជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៨២១នាក់ នៅក្នុងស្រុកគងពិសី ក្នុងខណៈនោះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានលើកឡើងអំពីស្ថានភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច ដែលប្រទេសកម្ពុជា កំពុងទទួលបានយ៉ាងគាប់ប្រសើរ ក្រោមមាគ៌ាសន្តិភាពរបស់ សម្តេចនាយករដ្ឋតេជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «រាជរដ្ឋាភិបាល និងគណបក្សប្រជាជន បានខិតខំកសាង អភិវឌ្ឍន៍ជាតិ និងការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យរួចផុតពីទុក្ខលំបាក បានកសាងប្រទេស ដោយបាតដៃទទេ នាឆ្នាំ១៩៧៩មក នៅតែបានបូរណភាពទឹកដី ១៨១.០៣៥ គីឡូម៉ែត្រក្រឡា បន្ទាត់ព្រំដែន និងបង្គោលសីមាជុំវិញប្រទេស មិនមានការបាត់បង់នៅកន្លែងណា ១នោះទេ ដែលផ្ទុយពីពួកប្រឆាំង ក្រុមក្បត់ជាតិ បានធ្វើការរិះគន់នោះ។

កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានអំពាវនាវដល់មន្ត្រីអាជ្ញាធរដែនដី ព្រះសង្ឃ និងពុទ្ធបរិស័ទប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្តចូលរួមថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រ របបរាជានិយម ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិកម្ពុជា។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្តេចតេជោ ជាមជ្ឈមណ្ឌលសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់សាលាស្រុកគងពិសី មានថវិកា ២លានរៀល ព្រមទាំងបានចែកជូនដល់ក្រុមប្រឹក្សាឃុំ ស្រុក យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕

Advertising