(ពោធិ៍សាត់)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ (គ.ជ.គ.ម) បាននាំយកស្រូវពូជជាង ១០០តោនទៀត ទៅចែកជូនប្រជាកសិករជាង ១ពាន់គ្រួសារនៅក្នុងខេត្តពោធិ៍សាត់ ដែលបានរងផលប៉ះពាល់ដំណាំស្រូវដោយសារគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

ពិធីប្រគល់ស្រូវពូជត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីលោក ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

របាយការណ៍រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ទឹកជំនន់ និងគ្រោះរាំងស្ងួត បានធ្វើឱ្យប៉ះពាល់ផ្ទៃប្រមាណ ១,២៩១ហិកតា។

ថ្លែងក្នុងឱកាសចែកស្រូវពូជនោះ លោកទេសរដ្ឋមន្ដ្រី គន់ គីម បានជម្រាបប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតាមដានជាប់ជានិច្ច ចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដោយសារជំនន់ទឹកទន្លេរមេគង្គ ជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួតនាពេលកន្លងមក ហើយបានក្រើនរំលឹកដាស់តឿនដល់ គណៈកម្មាធិករជាតិគ្រប់គ្រងគ្រោះមហន្តរាយ យកគ្រាប់ពូជស្រូវចែកជូនបន្ទាន់ដល់ប្រជាកសិករ ដើម្បីដាំដុះបន្ត។

លោកទេសរដ្ឋមន្ត្រី ក៏ជំរុញឱ្យប្រជាកសិកររូតរះ ក្នុងការភ្ជួររាស់ ដកស្ទួង ឱ្យបានទាន់រដូវកាលទឹកសម្រក និងបានក្រើនរំលឹកឲ្យប្រជាកសិករ ត្រូវខិតខំធ្វើការថែបំប៉ននៅស្រូវរបស់ខ្លួនឲ្យបានល្អប្រសើរ។

ប្រជាពលរដ្ឋដែលទទួលបានពូជស្រូវ សូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់។ ជាពិសេសតែងបានចាត់ចែងមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជួយដោះស្រាយរាល់ការលំបាករបស់ពួកគាត់៕

Advertising