(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ ដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខគ្រួសាអតីតយុទ្ធជន និងពិនិត្យមើលការសាងសង់ផ្ទះ និងផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង១៣.៥គីឡូម៉ែត្រ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អតីតយុទ្ធជន ចំនួន៣០៩ខ្នងផ្ទះ នៅមជ្ឈមណ្ឌលអតីតយុទ្ធជនខេត្ត លើដីសម្បទានសង្គមកិច្ចតំបន់ដីការ៉េ២ ស្ថិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់ថា សម្រាប់ផ្ទះជាង៣០០ខ្នង ដែលសាងសង់នៅតំបន់ដីការ៉េ២នេះ បច្ចុប្បន្នសាងសង់បាន១៨២ខ្នង និងបានផ្តល់ជូន៨០ខ្នងផ្ទះ ដល់សមាជិកអតីតយុទ្ធជនរួចរាល់ផងដែរ។ នៅសល់១០២ខ្នងទៀតត្រៀម ចែកជូនសមាជិកអតីតយុទ្ធជន ដែលមានជីវភាពលំបាក ពោលគ្មានដី គ្មានផ្ទះសម្បែង ពិតប្រាកដ ដើម្បីស្នាក់នៅក្នុងពេលខាងមុខ។ ដោយឡែក នៅសល់ចំនួន១២៧ខ្នងផ្ទះទៀត កំពុងបន្តសាងសង់បណ្តើរជាបន្តបន្ទាប់។

បន្ថែមពីនេះ ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំឲ្យគណៈកម្មាការ សមាគមអតីតយុទ្ធជនខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញ ធ្វើការពន្លឿនក្នុងសាងសង់ផ្លូវ និងផ្ទះ ជាពិសេសគ្រប់គ្រងដីសម្បទានសង្គមកិច្ចរដ្ឋ នៅតាមគោលដៅឲ្យបានល្អការពារ កុំឲ្យមានការរំលោភបំពាន បន្តខិតខំចុះជួបសំណេះសំណាល ជាមួយសមាជិកអតីតយុទ្ធជន ក្តាប់ឲ្យបានពីជីវភាពរស់នៅរបស់សមាជិក និងមានវិធានការ ជួយដោះស្រាយរាល់ការលំបាករបស់ពួកគាត់ ពិសេសពេលគាត់ ឈឺស្កាត់យប់ព្រលប់៕

Advertising