(ភ្នំពេញ)៖ មួយរយៈពេលចុងក្រោយនេះ ខ្ញុំបានកត់សម្គាល់ឃើញថា មានមន្ត្រី សកម្មជន និងអ្នកគាំទ្រលោក សម រង្ស៉ី កំពុងជ្រួលច្របល់ខ្លាំងណាស់ បន្ទាប់ពីពួកគេដឹងច្បាស់ថា បានដើរចូលអន្ទាក់ របស់ លោក សម រង្ស៉ី ដែលជំរុញឲ្យពួកគេទទួលទោសជំនួស ជាពិសេសក្រោយដឹងថា ផែនការទាំងអស់របស់ លោក សម រង្ស៉ី ត្រូវបានបកអាក្រាតដោយ សកម្មជនជាច្រើននាក់ដែល បានភ្ញាក់រលឹកចូលសារភាពចំពោះមុខសមត្ថកិច្ច ជាពិសេស គឺសកម្មជនដែល បានឡើងទៅប្រជុំដើម្បីទទួលផែនការផ្ទាល់ពីលោក សម រង្ស៉ីនៅប្រទេសម៉ាឡេស៊ី កន្លងមក។

ខ្ញុំបានតាមដានស្តាប់ចម្លើយសារភាពយ៉ាងពិស្តារបស់ លោក រស់ គឹមសៀង សកម្មជននៅខេត្តកំពង់ធំ ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលចេញទៅ ទទួលផែនការផ្ទាល់ បានបកអាក្រាតផែនការ ទាំងអស់ដែល លោក សម រង្ស៉ី និងគូកនបានរៀបចំធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល សម្តេច ហ៊ុន សែន និងប្តូររបបរាជានិយម។ ក្រោយការបកអាក្រាតរបស់ លោក រស់ គឹមសៀង ក៏មានមន្ត្រី និងសកម្មជននៅតាមបណ្តាខេត្តក្រុងនានា ដែលដឹងខ្លួនថា បានយកកទៅលអន្ទាក់ធ្វើឲ្យខ្លួនជាប់ពាក់ព័ន្ធនឹងផែនការក្បត់ដ៏ធំមួយនេះ ក៏បាននិងកំពុងរកច្រកចូលសារភាពទោសកំហុសចំពោះមុខសមត្ថកិច្ចដើម្បីរួចផុតពីទោសឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ។

អ្វីដែលធ្វើឲ្យក្រុមមន្ត្រី សកម្មជន និងអ្នកគាំទ្រលោក សម រង្ស៉ី ភ្ញាក់រលឹក និងជ្រួលច្របល់ខ្លាំងពេលនេះគឺ បន្ទាប់ពីពួកគេដឹងច្បាស់ថា ខ្លួនត្រូវបានលោក សម រង្ស៉ី និងគូកនបោកបញ្ឆោតឲ្យទទួលទោសជំនួសពីព្រោះ លោក សម រង្ស៉ី ក៏ពិតជានឹងមិនហ៊ានវិលចូលស្រុកវិញដូចអ្វីដែលគាត់ប្រកាសថាចូលឆៅមិនបាច់មានការលើកលែងទោសនោះឡើយ។ លើសពីនេះ ផ្ទៃក្នុងនៃក្រុមរបស់ខ្លួនទាំងនៅក្រៅនិងក្នុងប្រទេសក៏កំពុងបែកបាក់គ្នាយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគេគ្មានសង្ឃឹមឡើយថា នឹងមានមនុស្សម្នាច្រើនចេញទៅទទួលដូចការឃោសនារបស់ លោក សម រង្ស៉ី ពីក្រៅស្រុកនោះឡើយ។

ម៉្យាងទៀត ដោយសារតែ លោក សម រង្ស៉ី ប្រើពាក្យញុះញង់ឱ្យទ័ពងើបបះបោរបែរចុងកាណុងប្រឆាំងរដ្ឋាភិបាល គឺមានន័យ ស្មើនឹងការផ្តល់សិទ្ធិអំណាចខាងផ្លូវច្បាប់ឱ្យសមត្ថកិច្ចអាចចាប់ និងបង្ក្រាបបើអ្នកណាហ៊ានតែចេញមុខធ្វើសកម្មភាព បំរើឱ្យផែនការធ្វើរដ្ឋប្រហារនេះ។

មន្ត្រី និងសកម្មជនដែលខ្ញុំបានជួបនៅតាមតុកាហ្វេក្នុងរយៈពេល៣-៤ ថ្ងៃនេះបាន នាំគ្នាខ្សឹបខ្សៀវប្រាប់គ្នីគ្នាថា លោក សម រង្ស៉ី និងគូកន ក្រោយពីដឹងខ្លួនថា កំពុងបាត់បង់ការគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិព្រោះតែការដាក់ចេញផែនការវិលចូលស្រុកវីញតាមវិធីហឹង្សា នោះ បានព្យាយាមបិទបាំងកំហុសខាងយុទ្ធសាស្ត្ររបស់ខ្លួននៅចំពោះមុខសកម្មជន និងអ្នកគាំទ្រដោយបានកែតម្រូវប្រាប់បណ្តាញរបស់ខ្លួនថា នៅពេលទៅបញ្ចុះបញ្ចូលអ្នកគាំទ្រឲ្យចូលរួមធ្វើសកម្មភាពថ្ងៃទី ៩ វិច្ឆិកា សូមកុំប្រើពាក្យថា ទៅធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល សម្តេច ហ៊ុន សែន តែត្រូវប្រើពាក្យថា ប្រើអំណាចប្រជាជនដើម្បីតវ៉ាវិញហើយកុំនិយាយពាក្យថាកងទ័ពងើបបះបោរប្រឆាំងសម្តេច ហ៊ុន សែន តែត្រូវប្រើពាក្យថាកម្លាំងសាធារណៈងើបបះបោរវិញ។

ប៉ុន្តែ សកម្មជននិងអ្នកគាំទ្រ លោកសម រង្ស៉ី ស្ទើរតែគ្រប់គ្នាពិតជាបានយល់ច្បាស់អស់ហើយពីល្បិចកលឆបោករបស់លោក សម រង្ស៉ី ហើយកំពុងនាំគ្នាខ្សឹបខ្សៀវរកវិធីដោះខ្លួនចេញពីអន្ទាក់របស់លោក សម រង្ស៉ី។ អ្នកខ្លះចង់ដកខ្លួនចេញឲ្យឆ្ងាយពីបណ្តាញដែលរៀបចំដោយលោក សម រង្ស៉ី តែម្តង រីឯអ្នកខ្លះទៀតចង់ចូលសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចដើម្បីរួចផុតពីការផ្តន្ទាទោសពីព្រោះពួកគេមិនចង់ជាប់គុកជំនួសលោក សម រង្ស៉ី នោះឡើយ។ ម្យ៉ាងទៀត ពួកគេមិនចង់ឲ្យកូនចៅរបស់ខ្លួន
ជួបនឹងស្ថានភាពវឹកវរ បង្ហូរឈាមដូចដែលពួកគេធ្លាប់ឆ្លងកាត់នោះឡើយ។

ចុងក្រោយនេះ មានមន្ត្រីសកម្មជនមួយចំនួនបានដោះខ្លួនចេញពីបណ្តាញរៀបចំ ដោយក្រុមលោកសម រង្ស៉ី ដើម្បីធ្វើរដ្ឋប្រហារនោះហើយ។ អ្នកទាំងនោះមាន លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ និងលោក ដន វ៉ាន់ឌី សមាជិកអតីតបក្សសង្គ្រោះជាតិខេត្តព្រៃវែងបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្ស សម្តេច ហ៊ុន សែន ខណៈដែល លោកស្រី សេង សុខន អតីតចៅសង្កាត់ផ្សារដេប៉ូទី២ និងអតីតចៅសង្កាត់ស្ទឹងមានជ័យទី៣ នៃអតីតគណបក្សសង្គ្រោះជាតិ លោក សាំង
ស៊ីណា ។ល។ ក៏បានចូលសារភាពចំពោះមុខសមត្ថកិច្ចដើម្បីរួចផុតពីការទទួលទោសជំនួសលោក សម រង្ស៉ី ព្រមទាំងបានបកអាក្រាតអំពើក្បត់របស់លោក សម រង្ស៉ី យ៉ាងចាស់ដៃ។

ពួកគេយល់ដូចៗគ្នាថា ពេលនេះ ប្រទេសកំពុងមានសន្តិភាព ប្រជាជនមានជីវភាពធូរធារ សម្បូរសប្បាយគ្រប់គ្នា ចុះហេតុអ្វីបានជាពួកគេបែរជាទៅចូលរួមជាមួយចលនា ឧទ្ទាមក្រៅច្បាប់ដើម្បីបង្កភាពវឹកវរចលាចលក្នុងសង្គមតាមការញុះញង់របស់លោក សម រង្ស៉ី ដែលធ្វើឲ្យខ្លួនមានទោសទៅវិញ? ពួកគេប្រាកដជាមិនចង់រស់ក្នុងគុក បែកប្រពន្ធកូន ខណៈដែលលោក សម រង្ស៉ី និងគូកនរស់នៅយ៉ាងស្រួលឯក្រៅប្រទេសនោះឡើយ។

ខ្ញុំបានទទួលដំណឹងថា ចរន្តនៃការភ្ញាក់រលឹកចូលសារភាពកំហុសឆ្គងរបស់មន្ត្រី សកម្មជន និងអ្នកគាំទ្រលោក សម រង្ស៉ី នឹងបន្តមានតទៅទៀតដើម្បីរួចផុតពីទោសក៏ដូចជាដើម្បីរួមចំណែកការពារភាពសុខសាន របស់ប្រជាជននិងការរស់នៅជួបជុំក្រុមគ្រួសាររបស់ខ្លួនបើទោះបីជាមាន ប្រព័ន្ធផ្សព្វផ្សាយនិងបុគ្គលមួយចំនួននិងសង្គមស៊ីវិលខ្លះដែលមាននិន្នាការនយោបាយជ្រុលនិយមបានកាឡៃសភាពការណ៍ដោយចោទប្រកាន់អ្នកដែលចូលសារភាពថាធ្វើឡើងទាំងបង្ខំក្រោមការគំរាមកំហែងរបស់អាជ្ញាធរយ៉ាងណាក៏ដោយ។

ខ្ញុំគិតថានេះ មិនមែនជារឿងចម្លែកអ្វីនោះទេ ព្រោះនេះ គឺជាសារជាតិរបស់ក្រុមប្រឆាំងជ្រុលនិយម
ទាំងនោះដែលត្រូវបានលោក សម រង្ស៉ី បណ្តុះគំនិត លាបពណ៌បែបនេះយ៉ាងជោគជាំអស់ជាង ២០ឆ្នាំមកហើយ។ ពួកគេមានទម្លាប់ចោទប្រកាន់អ្នកដែលដើរចេញពីក្រុមរបស់ខ្លួនថា ជាជនក្បត់បក្ស ជាអាយ៉ង និងថាបានលក់ក្បាលជាដើម។ ល។

ប្រភពពីផ្ទៃក្នុងអតីតបក្សសង្គ្រោះជាតិបានបង្ហើបឲ្យដឹងទៀតថា ពេលនេះកុំថាឡើយតែសកម្មជនដែលជាប់ពាក់ព័ន្ធនឹងផែនការរបស់លោក សម រង្ស៉ី ដោយផ្ទាល់ សូម្បីតែអ្នកធ្លាប់គាំទ្រលោក សម រង្ស៉ី ដែលមិនពាក់ព័ន្ធនឹងផែនការនេះ សោះក៏នាំគ្នាជជែកពីរឿង នេះដែរ ហើយពួកគេផ្តាំកូនចៅ បងប្អូន ញាតិផៅសណ្តានកុំឲ្យចូលពាក់ព័ន្ធនឹងផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នេះឲ្យសោះប្រយ័ត្នមានទោស ពីព្រោះពួកគេយល់ច្បាស់ណាស់ថា ក្រុមលោក សម រង្ស៉ី អស់អ្នកគាំទ្រហើយទាំងក្នុងនិងក្រៅប្រទេស។

ស្ថានភាពនេះបានសបញ្ជាក់ឲ្យឃើញថា លោក សម រង្ស៉ី ដែល បានប្រើប្រាស់នយោបាយជីករណ្តៅកប់ខ្លួនឯងដោយយកឈាមនិងទឹកភ្នែករបស់សកម្មជនធ្វើជាចំណីដើម្បីរស់នោះ ពេលនេះកំពុងរុញច្រានលោក សម រង្ស៉ី ខ្លួនឯងនិងគូកនឲ្យស្ថិតក្នុងភាពឯកាទាំងស្រុង ដែលគេអាចប្រដូច លោក សម រង្ស៉ី ពេលនេះជាអាបដែលមានតែក្បាលខំស្រែកឡែៗ តែអត់ខ្លួននិងអត់មាន ដៃជើងឡើយ។ ហើយក្បាល នោះទៀតសោត មានតែ លោក សម រង្ស៉ី និងគូកនគាត់ ប៉ុន្មាននាក់តែប៉ុណ្ណោះ។

នេះហើយជាលទ្ធផលនៃនយោបាយដើរបញ្ច្រាសទិសខ្យល់ពោលគឺ នៅពេលដែលប្រជាជន កំពុងរស់នៅបានសុខសាន្ត បែរជាលោក សម រង្ស៉ី ចង់ធ្វើឲ្យប្រទេសជួបភាពវឹកវរបង្ហូរឈាម។ នៅពេលដែល ពលរដ្ឋទូទាំង នគរគោរពស្រឡាញ់ព្រះមហាក្សត្រ លោក សម រង្ស៉ី បែរជាប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ។ នៅពេលដែលសហគមន៍អន្តរជាតិចង់បានសន្តិភាព និងប្រជាធិបតេយ្យ លោក សម រង្ស៉ី ចង់បង្កសង្គ្រាម និងប្រើមធ្យោបាយរដ្ឋប្រហារដែលផ្ទុយពីប្រជាធិបតេយ្យ។ នៅពេលដែលអ្នកនយោបាយឬមេដឹកនាំសុខចិត្តយកខ្លួនពាំងការពារសេចក្តីសុខសានរបស់ពលរដ្ឋ លោក សម រង្ស៉ី បែរជាយកសកម្មជន អ្នកគាំទ្ររបស់ខ្លួនធ្វើជាខែលការពារសេចក្តីសុខសានរបស់ខ្លួនទៅវិញ។

ហេតុដូច្នេះ ចលនារបស់ សកម្មជនដែលលង់ខ្លួនជឿតាមការឃោសនារបស់លោក សម រង្ស៉ី ពិតជានឹងបន្តភ្ញាក់រលឹកបង្ហាញខ្លួនជាបន្តបន្ទាប់ដើម្បីសារភាពទោសកំហុសព្រោះនេះជាជំរើសដ៏ត្រឹមត្រូវ និងល្អប្រសើរដើម្បីយើងអាចបន្តរស់នៅសុខក្សេមក្សានតកូនតចៅរាប់ជំនាន់តទៅទៀត ៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

Advertising