(ភ្នំពេញ)៖ សាលាប៊ែលធី អន្តរជាតិ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ បានរៀបចំកម្មពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ការសិក្សារបស់សិស្សប៊ែលធី និទ្ទេស A ចំនួន ១៨រូប ជូនដល់សិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សាថ្មី២០១៩-២០២០ ចំនួន ១,៧២១នាក់ ក្រោមអធិបតីភាពលោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងលោកស្រី។

លោក ប៊ុត ឌីម៉ង់ ប្រធាននាយកដ្ឋានចំណេះទូទៅបានឲ្យដឹងថា បច្ចុប្បន្ននេះ សាលាប៊ែលធី អន្តរជាតិ មាន២២សាខា ក្នុងនោះ២០សាខា កំពុងដំណើរការ និង២សាខាកំពុងសាងសង់ ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,២៤៣នាក់ (នារី៩៥៥នាក់) សិស្សានុសិស្សកំពុងសិក្សាសរុបចំនួន ៤៧,៥៥៦នាក់ (នារី២៤,៥៤៨នាក់)។

គិតមកដល់ឆ្នាំសិក្សា២០១៨-២០១៩ សាលាប៊ែលធី អន្តរជាតិ ក៏មានសិស្សថ្នាក់ទី១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន១១,១២៩នាក់ ជាប់៩,៤២១នាក់ ស្មើនឹង៨៥.២៤ភាគរយ និងទទួលបានសិស្សនិទ្ទេស A ចំនួន១១២នាក់ និងមានសិស្សពូកែទូទាំងរាជធានី និងទូទាំងប្រទេស ផ្នែកអក្សរសាស្ត្រខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងទី១២ សរុបចំនួន ៦៤នាក់ (នារី ៣៨នាក់)។ សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងទទួលបានសញ្ញាបត្រពីរ ដោយមួយចេញដោយសាលាប៊ែលធី អន្តរជាតិ និងចេញដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសិស្សនឹងបានបង្ហោះសញ្ញាបត្រទាំងពីរនោះ ចូលទៅក្នុងវែបសាយរបស់ប៊ែលធីដើម្បីទុកជាកាលប្បវត្តិ និងសម្រាប់សិស្សគ្រប់រូបទាញ យកទៅប្រើប្រាស់ជាផ្លូវការផងដែរ។

ក្នុងឱកាសនោះផងដែរលោក លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានកោតសរសើរចំពោះ សិស្សនិទ្ទេស A ទាំង១៨រូប និងសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ។ បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យសាលាបានល្អ។

ជាទីបញ្ចប់ លោកអគ្គនាយក និងលោកស្រី បានប្រគល់លិខិតសរសើរ និងអាហារូបករណ៍ ឧកញ៉ា លី ឆេង សិក្សាថ្នាក់បរិញ្ញាបត្រ១០០% ជូនដល់សិស្សនិទ្ទេស A ទាំង១៨រូប ព្រមទាំងឧបត្ថម្ភថវិកា សម្រាប់ការចំណាយផ្សេងៗ ក្នុងម្នាក់ៗ ២,០០០ដុល្លារ។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូថ្នាក់ទី១២ ដែលមានសិស្សជាប់និទ្ទេស A ក៏ទទួលបានលិខិតសរសើរ និងថវិកា លើកទឹកចិត្តក្នុងម្នាក់ៗ១០០ដុល្លារ ផងដែរ៕

Advertising