(ភ្នំពេញ)៖ និស្សិតមួយក្រុមឈ្មោះថា «ក្រុមយើងរីកចម្រើនជាមួយគ្នា» កំពុងតែរៀបចំកម្មវិធីសប្បុរសធម៌ថ្មីមួយ ដែលមានចំណងជើងថា «តន្ត្រីសប្បុរសធម៌និស្ស័យ» ដែលនឹងប្រារព្ធឡើងនៅសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ (CKCC) នៅថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។

អ្នករៀបចំកម្មវិធី បានឲ្យដឹងថា គោលបំណងនៃកម្មវិធីនេះ ដើម្បីអញ្ជើញអ្នកចម្រៀង និងផ្តល់ឧកាសឲ្យយុវជន ដែលមានសមត្ថភាពខាងសិល្បៈ ទាំងបុរាណ និងសម័យបានឡើងលើឆាក ដើម្បីបង្ហាញនូវសមត្ថភាពរបស់ខ្លួន។ មិនតែប៉ុណ្ណោះថវិកា ដែលទទួលបានពីកម្មវិធី គឺយកមួយចំណែកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមួយចំណែកទៀត យកទៅទិញសម្ភារសិក្សាជូនដល់សិស្សានុសិស្សខ្វះខាត ព្រមទាំងជួយសាងសង់របងថ្មី ជូនសាលាបឋមសិក្សាច្រកល្អៀង ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ផងដែរ។

«កម្មវិធីតន្ត្រីសប្បុរសធម៌និស្ស័យ» នឹងមានវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ចូលរួមសម្តែង និងការចូលរួមពីអ្នកចម្រៀង Original Song ជាច្រើនផ្សេងទៀតដូចជា៖ លោក ឈយ ពស៊ាង (ម្ចាស់បទ ព្រះនាង, Will you be my sister?), លោក វុទ្ធា និងលោក SIVA (ម្ចាស់បទ ក្រមុំបីស្ទាយ, អូនសាសន៍អី?), កញ្ញា អ៊ុង វិសុទ្ធធីតា (ម្ចាស់បទ យើងជាអ្វីនឹងគ្នា?, ធ្លាប់ទេ?), លោក អាន សិលា (ម្ចាស់បទ គ្រាមួយ), កញ្ញា Chi Vitt និងអ្នកសិល្បៈជាច្រើនរូបទៀត។

បើតាមអ្នករៀបចំកម្មវិធី បានឲ្យដឹងទៀតថា ព្រមគ្នានឹងការសម្តែងសិល្បៈបែបសម័យ ពួកគេក៏មិនភ្លេចនូវសិល្បៈបុរាណ ដែលជាអត្តសញ្ញាណជាតិរបស់ខ្មែរយើង ពោលគឺនឹងមានការសម្តែងរបាំប្រពៃណីពី ក្រុមរបាំខេមរៈចន្រ្ទទិត្យ។ ជាពិសេសនោះ នឹងមានការសំដែងរឿងខ្លីពិសេសជូនទស្សនា ហើយនៅចុងបញ្ចប់នៃកម្មវិធីនឹងមានការរាំ Electronic Dance Music (EDM) ផងដែរ។

សំបុត្រចូលរួម មានតម្លៃត្រឹមតែ ២០.០០០រៀលតែប៉ុណ្ណោះ។ ទំនាក់ទំនងទូរស័ព្ទលេខ៖ ០៨៩ ៧៦០ ៦៧០ ឬ ០១៥ ២៩០ ៨៣៨៕

Advertising