(ភ្នំពេញ)៖ ក្រោយពីដំណើរការចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០១៧ ការជួសជុលកែលម្អកំណាត់ផ្លូវជាតិលេខ៥ «បាត់ដំបង-សេរីសោភ័ណ» សម្រេចបានជោគជ័យប្រហែល៦០%ហើយ ខណៈពេលដែលគម្រោងមួយនេះ នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២០ខាងមុខ។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសហការជាមួយសាកលវិទ្យាល័យមានជ័យ ដឹកនាំនិសិត្សប្រមាណ ៤០នាក់ ចុះធ្វើទស្សនកិច្ចសិក្សា និងពិនិត្យមើលដំណើរការស្ថានភាព និងវឌ្ឍនភាពនៃការសាងសង់ផ្លូវជាតិលេខ៥ «ផ្នែកខេត្តបាត់ដំបង-សេរីសោភ័ណ» ដោយមានការអញ្ជើញចូលរួមពីតំណាង ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងសាកលវិទ្យាល័យ និងមន្ត្រី JICA ផងដែរ។

យោងតាមមន្ត្រីរបស់ JICA បានឲ្យដឹងទៀតថា ទឹកប្រាក់នៃការសាងសង់ផ្លូវជាតិលេខ៥ «ផ្នែកខេត្តបាត់ដំបង-សេរីសោភ័ណ» គឺជាហិរញ្ញប្បទានសម្បទាន របស់រាជរដ្ឋាភិបាលជប៉ុន ដែលមានតម្លៃសរុប ៥៥.៩០៥.៣១៣ដុល្លារអាមេរិក ចែកចេញជាពីរកញ្ចប់។ កញ្ចប់ទីមួយតម្លៃ ៤៩.៦៦៥.០០០ដុល្លារអាមរិក និងកញ្ចប់ទីពីរតម្លៃ ៦៧៦.៤៥០.០០០យ៉េន (ប្រហែល ៦.២៤០.៣១៣ ដុល្លារអាមរិក)។

កំណាត់ផ្លូវជាតិលេខ៥ «ផ្នែកខេត្តបាត់ដំបង-សេរីសោភ័ណ» គឺជាប្រភេទផ្លូវបេតុងកៅស៊ូ AC (កម្រាស់១៥សង់ទីម៉ែត្រ) មានប្រវែងចំនួន ៣៨.៤៧គីឡូម៉ែត្រ និងមានគម្រោងសាងសង់ ៣៥ខែ (ខែមេសា ២០១៧ ដល់ខែមីនា ២០២០)។ ម្ចាស់នៃគម្រោង គឺក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា៕

Advertising