(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្ដេជ្ញាចិត្តការពារដាច់ខាតរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ កើតចេញពីឆន្ទៈរបស់រាស្រ្ត ដោយសេរីយុត្តិធម៌ត្រឹមត្រូវ នៃរបបប្រជាធិបតេយ្យ សេរីពហុបក្ស របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៌ជាតិជានិរន្តរ៌។

ការប្ដេជ្ញាចិត្តរបស់លោក ជា ពិសី ធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពី កិច្ចការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ដើម្បីភាពរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ លោកអធិការខណ្ឌ លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌ និងប្រធាន អនុប្រធានការិយាល័យជុំនាញពាក់ព័ន្ធជាច្រើនរូបទៀត នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំនេះ លោក ជា ពិសី បានក្រើនរំលឹកថា ចំពោះការងារការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ដើម្បីភាពរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ត្រូវតែបន្តរួមគ្នា ធ្វើឲ្យមានប្រសិទ្ធភាព ទាំងការទប់ស្កាត់មិនឲ្យបាត់បង់ចំណីចិញ្ចើមផ្លូវសាធារណៈ ដែលបង្កជាគ្រោះថ្នាក់ចរាចរជាដើម ក្នុងគោលបំណងបញ្ជៀសរាល់ការរំលោភបំពានផ្សេងៗ ពីប្រជាអាជីវករដាក់តាំងទំនិញ ឬសម្ភារ ក៏ដូចជា តម្លើងផ្លាកយីហោ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួនលយលើចិញ្ចើមផ្លូវ គឺមិនត្រូវបានអនុញាតិឲ្យកើតមានឡើងឡើយ ដែលជាផែនការរបស់សាលារាជធានីភ្នំពេញ។

លោក ជា ពិសី សង្កត់ធ្ងន់ថា លោកសូមប្ដេជ្ញាចិត្តការពារដាច់ខាតរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ កើតចេញពីឆន្ទៈរបស់រាស្រ្ត ដោយសេរីយុត្តិធម៌ត្រឹមត្រូវ នៃរបបប្រជាធិបតេយ្យសេរីពហុបក្ស របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៌ជាតិជានិរន្តរ៌ នៃភាពរស់នៅសុខសាន្ដរបស់ប្រជាពលរដ្ឋ៕

Advertising