(ភ្នំពេញ)៖ ការិយាល័យឥណទានកម្ពុជា (CBC) បានសហការជាមួយធនាគារ អេស៊ីលីដា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋកម្ពុជា បានជ្រាបកាន់តែច្បាស់អំពីអត្ថប្រយោជន៍ នៃការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានទៀងទាត់ និងជំរុញឱ្យពលរដ្ឋកម្ពុជាទាំងអស់ ទៅត្រួតពិនិត្យសុខភាពហិញ្ញវត្ថុឱ្យបានគ្រប់ៗគ្នា ដើម្បីការពារ និងដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ជៀសវាងមានបញ្ហាហិរញ្ញវត្ថុ នៅពេលអនាគត។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមវត្តមាន លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃការិយាល័យឥណទានកម្ពុជា (CBC), លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និងលោក ណៃ សំបូរ នាយកការិយាល័យទិន្នន័យឥណទាន នៃធនាគារអេស៊ីលីដា ភីអិលស៊ី ព្រមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន និងប្រជាពលរដ្ឋជាច្រើននាក់ចូលរួម នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ។

លោក អឿ សុធារ័ត្ន បានថ្លែងថា សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ការិយាល័យឥណទានកម្ពុជា (CBC) ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅ អាចពិនិត្យមើលរបាយការណ៍ឥណទាន ឬលទ្ធភាពក្នុងការប្រើប្រាស់ឥណទាន ដោយខ្លួនឯងតាមរយៈភ្នាក់ងារដៃគូរបស់ការិយាល័យឥណទាន ការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុផ្ទាល់របស់បុគ្គលម្នាក់ៗ ពិតជាមានសារសំខាន់ណាស់ វាហាក់ដូចជាយើងត្រួតពិនិត្យសុខភាពរបស់យើងផងដែរ ដើម្បីឱ្យដឹងថា តើសុខភាពហិរញ្ញវត្ថុរបស់យើង មានបញ្ហាដែរឬទេ ហើយយើងអាចយកឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារបានទៀតដែរ។

លោក អឿ សុធារ័ត្ន បានបញ្ជាទៀតថា កាលពីដំបូងឡើយមិនសូវមានពលរដ្ឋច្រើនប៉ុន្មានទេ មកទទួលសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងការិយាល័យឥណទាន តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនបានយល់ដឹង និងងាកមកប្រើសេវាកម្មនេះកាន់តែច្រើន ដែលធ្វើឱ្យការិយាល័យឥណទាន ត្រូវការចាប់ដៃជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីពង្រីកសេវាកម្មនេះជូនដល់ពលរដ្ឋកម្ពុជា។

លោក សួន ពិសី បានថ្លែងដែរថា ការិយាល័យឥណទានកម្ពុជា ដែលតែងតែជួយផ្តល់ការបណ្តុះបណ្តាលអំពីប្រព័ន្ធព័ត៌មានផ្សេងៗ អំពីរបៀបដាក់ពាក្យស្នើសុំសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់បុគ្គលិក អេ អឹម ខេ និងបានរៀបចំជាសម្ភារៈផ្សេងៗ ដើម្បីផ្សព្វផ្សាយបន្ថែមលើសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះបានទូទាំង ២៥ខេត្ត-ក្រុង នៃសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ ជាពិសេសនោះគឺការរៀបចំកម្មវិធីនេះឡើង ដើម្បីឲ្យបងប្អូនកាន់តែយល់ដឹងអំពីសុខភាពហិរញ្ញវត្ថុរបស់ខ្លួន ក៏ដូចជាភាពជាដៃគូយុទ្ធសាស្រ្តរបស់យើងផងដែរ។ ការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ គឺមានសារសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នា ហើយការត្រួតពិនិត្យជាប្រចាំ គឺវាធ្វើអោយយើងដឹងថាស្ថានភាពហិរញ្ញវត្ថុរបស់យើងស្ថិតនៅក្នុងកម្រិតណា ហើយអាចទទួលបានឥណទាន សម្រាប់ប្រើប្រាស់បន្ថែមទៀតកម្រិតណា និងអាចជៀសវាងនូវវិបត្តិនៃបំណុល ។

លោក ណៃ សំបូរ បានថ្លែងដែរថា ការសហការជាមួយការិយាល័យឥណទានកម្ពុជា ក្នុងការដាក់ដំណើរការសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះ អាចជួយសម្រួល និងអាចឲ្យបងប្អូនទាំងឆ្ងាយទាំងជិត ឆ្ងាយ ងាយស្រួលក្នុងការពិនិត្យមើលរបាយការណ៍ឥណទានរបស់ខ្លួនបានកាន់តែខ្ជាប់ខ្ជួន ជាមួយសាខាសរុបចំនួន ២៦២របស់ធនាគារ អេស៊ីលីដា។ អតិថិជនពុំចាំបាច់ធ្វើដំណើរ និងចំណាយពេលយូរ ដោយគ្រាន់តែអញ្ជើញទៅសាខាណាមួយដែលនៅជិតលោកអ្នក នោះជាការស្រេច។

គួរបញ្ជាក់ថា សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ CBC ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅអាចពិនិត្យមើលរបាយការណ៍ឥណទាន ឬ លទ្ធភាពក្នុងការប្រើប្រាស់ឥណទានរបស់ខ្លួន តាមរយៈ CBC ឬភ្នាក់ងារដៃគូ។ ការតាមដានពីស្ថានភាពសុខភាពហិរញ្ញវត្ថុរបស់ខ្លួនជាប្រចាំ គឺមានភាពចាំបាច់សំរាប់ប្រជាពលរដ្ឋទូទៅ ដោយសារវាផ្តល់ឱកាសវិភាគដោយខ្លួនឯង អំពីលទ្ធភាពក្នុងការប្រើប្រាស់ឥណទាន និងសមត្ថភាពក្នុងការសងត្រលប់ មុនពេលធ្វើការស្នើសុំឥណទានទៅតាមស្ថាប័នឥណទាននានា និងអាចបញ្ជាក់ព្រមទាំងផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃព័ត៌មានផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានកម្ចី ដែលកំពុងចែករំលែកនៅក្នុងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ហើយអាចដាក់ពាក្យស្នើសុំទៅ CBC ដើម្បីធ្វើការកែប្រែព័ត៌មាន ដែលមិនត្រឹមត្រូវនៅក្នុងរបាយការណ៍ឥណទាន របស់បុគ្គលម្នាក់ៗផងដែរ៕

Advertising