(បាត់ដំបង)៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់លើឈ្មោះ អ៊ុត ជឿន ជាអតីតប្រធានប្រតិបត្តិ នៃអតីតគណបក្សសង្រ្គោះជាតិ ស្រុកមោងឫស្សី ពីបទរួមគំនិតក្បត់ ពាក់ព័ន្ធនឹងរដ្ឋប្រហារខុសច្បាប់ ដែលរៀបចំដោយ ទណ្ឌិត សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។ នេះបើតាម អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឱ្យដឹងថា ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ឈ្មោះ អ៊ុត ជឿន ដែលបានកៀរគរ និងបំផុសឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកមោងឫស្សីរាប់រយ រាប់ពាន់នាក់ ចូលរួមក្នុងផែនការផ្ដលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកល «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី និងគូកន។ ម្យ៉ាងទៀតឈ្មោះ អ៊ុត ជឿន បានកៀរគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួនធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសជាប់ពន្ធនាគារពី ០៥ (ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះបានចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង៖

Advertising