(កណ្ដាល)៖ លោក នូ សាខន អនុប្រធានគណៈកម្មាការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល ជំរុញឲ្យគណបក្សស្រុកលើកដែក រក្សាឲ្យបាននូវស្ថេរភាព សុវត្តិភាព សន្តិសុខសង្គម ដើម្បីបង្កើនភាពកក់ក្តៅ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លូន ឲ្យបានល្អប្រសើរ។

ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព ក្នុងរចនាសម្ព័ន្ធគ្រប់គ្រង-ដឹកនាំ របស់គណៈកម្មាធិការបក្សស្រុកលើកដែក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ លោក នូ សាខន បានសង្កត់ធ្ងន់ថា គណបក្សស្រុកត្រូវយកចិត្តទុកដាក់ គ្រប់គ្រងរាល់សភាពការណ៍នៅមូលដ្ឋាន ក្ដាប់ជាប់ការប្រែប្រួល សតិអារម្មណ៍ ទប់ស្កាត់រាល់ឧបាយកលពួកប្រឆាំង ដែលប៉ុនប៉ងធ្វើសកម្មភាពផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

លើសពីនេះ លោកក៏បានផ្ដាំផ្ញើដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ទ្វេដង ក្នុងភារកិច្ចបម្រើផលប្រយោជន៍របស់ប្រជាជន មហាជន និងត្រូវថ្លែងអំណរគុណ លើកទឹកចិត្តដល់សមាជិកបក្ស និងអ្នកបោះឆ្នោតគាំទ្រគណបក្ស និងបន្តជំរុញសកម្មភាព ចិញ្ចឹមចលនាបក្សនៅមូលដ្ឋាន ដោយប្រមូលផ្ដុំគ្រប់កម្លាំង ចុះជិតស្និតជាមួយមហាជន ប្រជាជន ក្ដាប់សភាពការណ៍ និងសំនូមពររបស់ប្រជាជន ដើម្បីប្រមូលយកមកធ្វើការដោះស្រាយសម្របសម្រួល បានទាន់ពេលវេលា និងត្រូវលុបបំបាត់ជាស្ថាពរ នូវអំពើអសកម្មនានា ដែលបង្កការថ្នាំងថ្នាក់ ប៉ះពាល់ផលប្រយោជន៍របស់ប្រជាជន មហាជន និងសមាជិកគណបក្សដែលជាម្ចាស់ឆ្នោត។

ពិសេសជាងនេះទៅទៀត គណបក្សស្រុកលើកដែក ត្រូវខិតខំបម្រើប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសាធារណៈ លុបបំបាត់រាល់បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងនៅក្នុងមូលដ្ឋាន សម្ដៅធ្វើឲ្យភូមិឃុំ ក្លាយជាភូមិឃុំមានសុវត្ថិភាព។

នៅក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាព ក្នុងរចនាសម្ព័ន្ធគ្រប់គ្រង-ដឹកនាំ របស់គណៈកម្មាធិការបក្សស្រុកលើកដែក លោក ខឹម ច័ន្ទគីរី ប្រធានគណៈឃោសានាអប់រំខេត្ត បានធ្វើការផ្សព្វផ្សាយនូវសភាពការនយោបាយថ្មីៗ ដែលកើតមាននៅពេលបច្ចុប្បន្ន ជូនដល់សមាជិក សមាជិកា របស់គណបក្សស្រុក ដោយមានការអញ្ជើញចូលរួមជាង២០០នាក់។

សូមបញ្ជាក់ថា សេចក្ដីសម្រេច ស្ដីពីការកែសម្រួល និងតែងតាំងមន្ត្រីគណបក្ស ត្រូវបានតែងតាំងបំពេញបន្ថែមថ្នាក់ដឹកនាំគណៈត្រួតពិនិត្យ គណបក្សស្រុកលើកដែក ចំនួន៤រូប តែងតាំងបំពេញបន្ថែមថ្នាក់ដឹកនាំ គណៈកម្មាធិការហិរញ្ញវត្ថុ នៃគណៈកម្មាធិការគណបក្សស្រុកលើកដែក ចំនួន៣រូប និងតែងតាំងបំពេញបន្ថែមថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស សមាជិកអចិន្ត្រៃយ៍គណបក្ស និងអនុប្រធានគណកម្មាធិការ គណបក្សស្រុកលើកដែក ចំនួន៩រូប៕

Advertising