(ភ្នំពេញ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ប្រចាំនៅកម្ពុជា នៅថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០១៩នេះបានបង្ហាញក្តីសប្បាយរីករាយ ដោយមានកិត្តិយសដ៏ធំធេង បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុន្នី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង ដើម្បីបង្ហាញខ្លួនក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី ចំពោះព្រះភក្រ្តព្រះមហាក្សត្រ។

លោក Partick Murphy បានសរសេរសារខ្លីនៅបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា៖ «បន្ទាប់ពីចូលគាល់បង្ហាញខ្លួនក្នុងនាមជា ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា ចំពោះព្រះភក្រ្តព្រះមហាក្សត្ររួចហើយ ខ្ញុំកំពុងរង់ចាំជួបជាមួយសមាជិកនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។

សូមជំរាបថា​ លោកឯកអគ្គរដ្ឋទូតថ្មី Patrick Murphy និងភរិយារបស់លោក បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្តើមការងាររបស់ខ្លួននៅកម្ពុជា ជំនួសឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផុតអាណត្តិ លោក William A. Heidt។ តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក លោក Murphy បានចាប់ផ្តើមការងារនៅថ្ងៃដំបូងរបស់លោកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយមានការសែនព្រេន នៅផ្ទះអ្នកតាក្នុងស្ថានទូត។

លោក Patrick Murphy ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័ត ឱ្យក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសខ្លួន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ រួចហើយប្រធានាធិបតីលោក Trump បានបញ្ជូនការតែងតាំងនេះ ទៅព្រឹទ្ធសភា ដែលយោងតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មានការទទួលខុសត្រូវក្នុងការផ្តល់ «ប្រឹក្សានិងការយល់ព្រម» លើការតែងតាំងទាំងឡាយ ដោយប្រធានាធិបតី ក្នុងនោះមានឯកអគ្គរដ្ឋទូតផងដែរ។

លោក Murphy ជាអតីតឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ហើយជាសមាជិកអាជីពម្នាក់ នៅក្នុងកិច្ចការបរទេសជាន់ខ្ពស់។ កន្លងមកលោក គឺជាអនុប្រធានទូត និងជាភារធារី ប្រចាំនៃប្រទេសថៃ ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦, នៅប្រទេស Lesotho ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៨ ហើយបានធ្វើជាតំណាងស្តីទីពិសេស និងជាអ្នកសម្របសម្រួលគោលនយោបាយ សម្រាប់ប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣។

លោក Murphy បានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីការសាកលវិទ្យាល័យ Vermont រួមជាមួយសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ John Hopkins និងមហាវិទ្យាល័យយោធា និងបានបម្រើការងារក្នុងវិស័យការទូតលើស២៥ឆ្នាំ ហើយលោកបានកាន់តំណែងជាន់ខ្ពស់ជាច្រើនផងដែរ។

កាលពីពេលកន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបង្ហាញភាពសុទិដ្ឋិនិយមថា លោក Patrick. Murphy នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែមានភាពល្អប្រសើរ។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វត្តមានលោក Patrick. Murphy ឯកអគ្គរដ្ឋទូត នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានលក្ខណៈល្អប្រសើរ ដោយសារលោកទូត មានបទពិសោធន៍ និងចំណេះដឹងការងារការទូតច្រើនឆ្នាំ, លោកនឹងធ្វើការងារការទូត»៕

Advertising