(ភ្នំពេញ)៖ បន្ទាប់ពីលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជា បានបង្ហាញពីបំណងចង់ជួបមន្រ្តីរាជរដ្ឋាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពអាមេរិក-កម្ពុជា ក្រោយចូលគាល់ព្រះមហាក្សត្រនោះ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសារស្វាគមន៍ និងអបអរសាទរយ៉ាងខ្លាំង ហើយលោកថែមទាំងថ្លែងទៀតថា កម្ពុជាគឺជាប្អូនស្រីរបស់អាមេរិក។

តាមរយៈ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ លោក ផៃ ស៉ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជូនពរ និងស្វាគមន៍ ឯកឧត្តមឯកអគ្គរដ្ឋទូត។ សហប្រតិបត្តិការជិតស្និទ្ធ និងទំនាក់ទំនងប្រសើរ គោរពផលប្រយោជន៍ ប្រជាជាតិគ្នាទៅវិញទៅមកជាអទិភាព។ ផលនៃសន្តិភាព ស្ថិរភាព និងវឌ្ឍនភាព បានស្វាគមន៍ឯកឧត្តម គ្រប់ទិសទីមិនថា ជនបទ ឬទីក្រុងនោះឡើយ»

លោកបន្តទៀតថា «ប្រជាពលរដ្ឋកម្ពុជា ស្វាគមន៍ឯកឧត្តមយ៉ាងកក់ក្តៅ ជាមួយនិងភាពញញឹមរាក់ទាក់ ស្មោះស្ម័គ្រ ឥតលាក់លាម និងបំណងជូនដល់ឯកឧត្តម ជួយបន្ថែមបន្តពង្រឹងស្ថានភាពបវរនេះ តទៅមុខទៀត។ អ្វីៗដែលមានសព្វថ្ងៃ ក៏មានចំណែក ចូលរួមរបស់សហរដ្ឋអាមេរិកផងដែរ។ កម្ពុជា ជាប្អូនស្រីរបស់ប្រជាជាតិអ្នក»។

លោក Patrick Murphy កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ បានបង្ហាញក្តីសប្បាយរីករាយ ដោយមានកិត្តិយសដ៏ធំធេង បានចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងព្រះបរមរាជវាំង ដើម្បីបង្ហាញខ្លួនក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី ចំពោះព្រះភក្រ្តព្រះមហាក្សត្រ។ លោកថែមទាំងបាន បញ្ជាក់ពីជំហរចង់ជួបជាមួយសមាជិកនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពផងដែរ។

លោកបានសរសេរសារខ្លីនៅបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា៖ «បន្ទាប់ពីចូលគាល់បង្ហាញខ្លួនក្នុងនាមជា ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា ចំពោះព្រះភក្រ្តព្រះមហាក្សត្ររួចហើយ ខ្ញុំកំពុងរង់ចាំជួបជាមួយសមាជិកនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។

សូមជំរាបថា លោក Patrick Murphy និងភរិយារបស់លោក បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្តើមការងាររបស់ខ្លួននៅកម្ពុជា ជំនួសឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផុតអាណត្តិ លោក William A. Heidt។ តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក លោក Murphy បានចាប់ផ្តើមការងារនៅថ្ងៃដំបូងរបស់លោកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយមានការសែនព្រេន នៅផ្ទះអ្នកតាក្នុងស្ថានទូត។

លោក Patrick Murphy ត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័ត ឱ្យក្លាយជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសខ្លួន ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ រួចហើយប្រធានាធិបតីលោក Trump បានបញ្ជូនការតែងតាំងនេះ ទៅព្រឹទ្ធសភា ដែលយោងតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មានការទទួលខុសត្រូវក្នុងការផ្តល់ «ប្រឹក្សានិងការយល់ព្រម» លើការតែងតាំងទាំងឡាយ ដោយប្រធានាធិបតី ក្នុងនោះមានឯកអគ្គរដ្ឋទូតផងដែរ។

លោកជាអតីតឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេស ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ហើយជាសមាជិកអាជីពម្នាក់ នៅក្នុងកិច្ចការបរទេសជាន់ខ្ពស់។ កន្លងមកលោក គឺជាអនុប្រធានទូត និងជាភារធារី ប្រចាំនៃប្រទេសថៃ ពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦, នៅប្រទេស Lesotho ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០៨ ហើយបានធ្វើជាតំណាងស្តីទីពិសេស និងជាអ្នកសម្របសម្រួលគោលនយោបាយ សម្រាប់ប្រទេសមីយ៉ាន់ម៉ាពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣។

លោក Patrick Murphy បានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីការសាកលវិទ្យាល័យ Vermont រួមជាមួយសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ John Hopkins និងមហាវិទ្យាល័យយោធា និងបានបម្រើការងារក្នុងវិស័យការទូតលើស២៥ឆ្នាំ ហើយលោកបានកាន់តំណែងជាន់ខ្ពស់ជាច្រើនផងដែរ។

កាលពីពេលកន្លងទៅ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបង្ហាញភាពសុទិដ្ឋិនិយមថា លោក Patrick Murphy នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែមានភាពល្អប្រសើរ។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វត្តមានលោក Patrick. Murphy ឯកអគ្គរដ្ឋទូត នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានលក្ខណៈល្អប្រសើរ ដោយសារលោកទូត មានបទពិសោធន៍ និងចំណេះដឹងការងារការទូតច្រើនឆ្នាំ, លោកនឹងធ្វើការងារការទូត»

Advertising