(សៀមរាប)៖ លោក អន ចាន់យុទ្ធី អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំ នៃអតីតគណបក្សសង្គ្រោះជាតិ ក្រុងសៀមរាប នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ បានចូលទៅសារភាពទោសកំហុស ចំពោះមុខសមត្ថកិច្ច ពីបំណងចូលរួមក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមការប្រកាសរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដែលជាមេក្រុមឧទ្ទាមក្រៅច្បាប់។

ថ្លែងច្បាស់ៗនៅចំពោះមុខអាជ្ញាធរ អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយដង្គំរូបនេះ បានប្រកាសមិនបន្តគាំទ្រនូវទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ទៀតនោះទេ។ លោក អន ចាន់យុទ្ធី ថែមទាំងបានអំពាវនាវដល់អ្នកដែលធ្លាប់គាំទ្រ សកម្មភាពក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី នៅក្រុងសៀមរាប ឲ្យឈប់គាំទ្រ ហើយប្រឹងប្រែងរកស៉ី រស់នៅក្រោមម្លប់សុខសន្ដិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ននេះ។

បន្ថែមពីលើការនិយាយសារភាពទោសកំហុស លោក អន ចាន់យុទ្ធី ក៏បានធ្វើលិខិតសារភាពទោសកំហុសផងដែរ។ ក្នុងលិខិតសារភាពនោះ បានសរសេរថា ខ្ញុំបាទឈ្មោះ អន ចាន់យុទ្ធី ភេទប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ជាអតីតចៅសង្កាត់រងទី១ សង្កាត់ស្វាយដង្គំ (កូតាអតីតគណបក្សសង្គ្រោះជាតិ) សូមធ្វើការសារភាព ដូចខាងក្រោម៖

១៖ ខ្ញុំផ្ដាច់មិនចូលរួម ឬសកម្មភាពប្រមូលផ្ដុំ ទៅទទួលទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
២៖ មិនគាំទ្ររាល់សកម្មភាពរបស់ ទណ្ឌិត សម រង្ស៉ី និងបក្សពួកដែលមានគម្រោងធ្វើរដ្ឋប្រហារ និងអំពើក្បត់ជាតិទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ
៣៖ សូមសន្យាថា និងធ្វើជាពលរដ្ឋល្អ គោរពច្បាប់ និងចូលរួមរក្សាសន្តិភាព របស់ប្រទេស។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

សាររបស់ឧក្រិដ្ឋជន សម រង្ស៉ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថា អ្នកចូលរួម និងគាំទ្រ ដល់ផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុស នឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕

Advertising