(ភ្នំពេញ)៖ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) បានរៀបចំ «កិច្ចសន្ទនាថ្នាក់តំបន់របស់អាយឆា ស្តីពីការបញ្រ្ជាបសិទ្ធិទទួលបានការអប់រំ ក្នុងសហគមន៍អាស៊ាន លើកទី២ (The 2nd AICHR Regional Dialogue on Mainstreaming of the Right to Education in the ASEAN Community)» ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមាន លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលកិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

កិច្ចសន្ទនាថ្នាក់តំបន់នេះ មានគោលបំណងប្រមូលធាតុចូល ពីបណ្តាស្ថាប័នអាស៊ាន និងភាគីពាក់ព័ន្ធ ដើម្បីបញ្រ្ជាបសិទ្ធិទទួលបានការអប់រំ ក្នុងសសរស្តម្ភអាស៊ានទាំងបី និងជាវេទិកាលើកកម្ពស់កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ស្តីពីសិទ្ធិទទួលបានការអប់រំ។

លោក កែវ រ៉េមី បានគូសបញ្ជាក់ពីសមិទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា និងអាស៊ានលើវិស័យសិទ្ធិមនុស្ស និងការអប់រំ ហើយបានបង្ហាញនូវការប្តេជាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាងសមត្ថភាពធនធានមនុស្ស ដែលជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ គោលនយោបាយ និងផែនការ ដើម្បីលើកកម្ពស់ការទទួលបានការអប់រំ និងការបណ្ដុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយគុណភាព។

លោកស្រី ហ៊ាន ប៉ូលីណេ តំណាងកម្ពុជាប្រចាំអាយឆា (AICHR-Cambodia) នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ពីកម្មវត្ថុ សាវតា និងវឌ្ឍនភាព នៃការរៀបចំកម្មវិធី «កិច្ចសន្ទនាថ្នាក់តំបន់របស់អាយឆា ស្តីពីការបញ្រ្ជាបសិទ្ធិទទួល បានការអប់រំក្នុងសហគមន៍អាស៊ាន លើកទី២» និងលទ្ធផលរំពឹងទុកជាផ្លែផ្កាក្រោយពីកិច្ចសន្ទនា ដែលមានរយៈពេល៣ថ្ងៃពេញមួយនេះ៕

Advertising