(កណ្តាល)៖ ក្នុងឱកាសចូលរួមពិធីបុណ្យកឋិនទាន នៅឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្រី ស្រី ហ៊ាញ បានប្រារព្ធពិធីសូត្រមន្ត និងស្ដាប់ព្រះសង្ឃសម្ដែងធ៌មទេសនា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ នៅសេនាធិការដ្ឋាន នៃបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងសង្កាត់ទឹកល្អទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លុះព្រឹកឡើងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី ស្រី ហ៊ាញ ព្រមទាំង ពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែរអង្គកឋិនទានសាមគ្គី កងរាជអាវុធហត្ថ ទៅកាន់វត្តទេពវង្សី ដែលស្ថិតនៅក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាតែន ស្រុកពញាឮ ខេត្តកណ្តាល។ ការដង្ហែកឋិនទានប្រទក្សិណបីជុំ និងវេរប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

នៅក្នុងពិធីបុណ្យអង្គកឋិននោះផងដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រមុខដឹកនាំបានធ្វើឲ្យព្រះពុទ្ធសាសនា មានការរីកចម្រើនគ្រប់ទីកន្លែងទូទាំងប្រទេស មិនតែប៉ុណ្ណោះពុទ្ធចក្រ និងអាណាចក្រ កំពុងត្រូវបានដើរទន្ទឹមគ្នា ហើយក៏មិនអាចខ្វះមួយណាបានឡើយ។

ជាក់ស្ដែងការធ្វើបុណ្យកឋិនទាននៅថ្ងៃនេះ គឺជូនទៅដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ជាពិសេសយុទ្ធជន, យុទ្ធនារីអាវុធហត្ថ ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងឧទ្ទិសកុសលទាំងអស់នេះ ទៅដល់ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានមកចូលរួមក្នុងពិធីបុណ្យកឋិនទាននេះ សូមឲ្យទទួលបានមគ្គផលស្មើៗគ្នា។

បុណ្យកឋិនទានដែលផ្តួចផ្ដើមដោយ នាយឧត្តមសេនីយ៍ សៅ សុខា និងលោកស្រី បានប្រគេនទេយ្យវត្ថុចង្ហាន់ វេរបច្ច័យប្រគេនព្រះសង្ឃ មានទឹកប្រាក់សរុបចំនួន ៥៤៤,១៨៥,០០០រៀល។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានជួបសំណេះសំណាល ជាមួយក្រុមកីឡាករអុំទូក ដោយបានផ្តាំផ្ញើ និងរំលឹកដល់កីឡាករអុំទូកទាំងអស់ ខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានសស្រាក់សស្រាំ មានកាយវិការហ្វាហាប់ និងឲ្យបានស្រុះគ្នា មិនតែប៉ុណ្ណោះមិនត្រូវនាំគ្នាមានការធ្វេសប្រហែសឡើយ ត្រូវតែនាំគ្នាយកជ័យជំនះពីដៃគូឲ្យបាន ដើម្បីជាកិត្តិយសសម្រាប់វត្តទេពវង្សី, ក្រុមគ្រួសារ, ភូមិ ឃុំ ស្រុក ខេត្ត និងកិត្តិយសក្រុមទូករបស់យើង។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ ក៏បានជួយឧបត្ថម្ភក្រុមកីឡាកររួមមានមួក ខោអាវ ភេសជ្ជ អង្ករ និងថវិកាចំនួន២,០០០,០០០រៀល ដើម្បីហ្វឹកហាត់ចូលរួម ប្រកួតប្រជែងក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុកនឹងសំពះព្រះខែ នៅពេលខាងមុខនេះ៕

Advertising