(កំពង់ស្ពឺ)៖ ដោយសារស្ថានភាពចរាចរណ៍កាន់តែមមាញឹកខ្លាំង នៅកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្សារថ្នល់ទទឹង ព្រុំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល និងដោយមើលឃើញពីការលំបាកចំពោះកងកម្លាំងលើការងារសម្រួលចរាចរប្រចាំថ្ងៃ ជាពិសេសចំពោះរថយន្តបងប្អូនកម្មករ-កម្មាការិនីកាត់ដេរ ក៏ដូចជា ប្រជាពលរដ្ឋទូទៅ រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចដាក់ឲ្យដំណើរការភ្លើងស្តុបថ្មីមួយបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះផងដែរ។

ការដាក់ឲ្យដំណើរការនេះ បានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមវត្តមានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងរៀបចំទីតាំងតំឡើងភ្លើងសញ្ញាបញ្ជាចរាចរណ៍ (ភ្លើងស្ទុប) ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ នៅថ្នល់ទទឹង ព្រំប្រទល់ ខេត្តកំពង់ស្ពឺ-ខេត្តកណ្តាល។

លោក វ៉ី សំណាង បានលើកឡើងថា ថ្ងៃនេះរដ្ឋបាលខេត្តកំពង់ស្ពឺ បានដំឡើងភ្លើងស្តុបនៅចំណុចបំបែកថ្នល់ទទឹង ដើម្បីចូលរួមបញ្ជៀសការកកស្ទះចរាចរណ៍។

លោកអភិបាលបានអរគុណលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានជួយឧបត្ថម្ភភ្លើងស្តុបនេះ ហើយលោកក៏សូមអំពាវនាវចំពោះបងប្អូនទាំងអស់ ដែលប្រើប្រាស់ផ្លូវ មេត្តាធ្វើដំណើងប្រកបដោយការគោរពច្បាប់ចរាចរណ៏ និងធ្វើដំណើរមានសុខសុវត្ថិភាពក្នុងកិច្ចការ ការងាររកស៊ីផងដែរ៕

Advertising