(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញការតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានីភ្នំពេញ ជាមួយនឹងខេត្តបារៀ-វង់តាវ ប្រទេសវៀតណាម ដើម្បីទាក់ទាញភ្ញៀវទេសចរ នៃប្រទេសទាំង២ ឲ្យទៅទស្សនាកម្សាន្តទៅវិញទៅមកឲ្យកាន់តែច្រើន។

អភិបាលរាជធានីភ្នំពេញ ចង់ឲ្យមានការភ្ជាប់ទំនាក់ទំនងរវាងវិស័យ ដឹកជញ្ជូនអ្នកដំណើរតាមរយៈរថយន្តក្រុងពីរាជធានីភ្នំពេញ ទៅខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ឬពីខេត្តខេត្តបារៀ-វង់កាវ មកកាន់រាជធានីភ្នំពេញវិញ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកទេសចរនៃប្រទេសទាំង២ បានទៅទស្សនាកម្សាន្តនៅតំបន់ទេសចរណ៍សំខាន់ៗ ទំាងនៅរាជធានីភ្នំពេញ និងខេត្តបារៀ-វង់តាវ ជាដើម។

លោក ឃួង ស្រេង បានថ្លែងដូច្នេះក្នុងឱកាសទទួលស្វាគមន៍ក្រុមគណៈប្រតិភូវៀតណាម ដែលដឹកនាំដោយលោក ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជន ខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីពិភាក្សាគ្នាលើគម្រោងភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទំាងសងខាង។

អភិបាលរាជធានីភ្នំពេញ បានអះអាងថា គម្រោងតភ្ជាប់វិស័យទេសចរណ៍រវាងរាជធានី ខេត្តនៃប្រទេសទំាង២នេះ និងជាកញ្ចប់ផលិតផលថ្មីក្នុងការទាក់ទាញភ្ញៀវទេសចរ ខណៈដែលរាជធានីភ្នំពេញ និងបារៀ-វង់តាវ នៃប្រទេសវៀតណាម សម្បូរទៅដោយតំបន់ទេសចរណ៍ ធម្មជាតិ ប្រវត្តិសាស្រ្ត ដ៏ច្រើនដូចគ្នា។ លោកថ្លែងថា ឥលូវនេះក្រោមសេដ្ឋកិច្ចជាង៧ភាគរយ ជាង២ទស្សវត្សនេះ ប្រជាជនកម្ពុជារស់នៅក្នុងភាពស៊ីវិល័យ ក្នុងការធ្វើដំណើរកម្សាន្តទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកបញ្ជាក់ថា «ស្របពេលដែលទីក្រុងបារៀ-វង់តាវ នៃប្រទេសវៀតណាម និងរាជធានីភ្នំពេញ សម្បូរទៅដោយតំបន់ទេសចរណ៍ ដូច្នេះយើងត្រូវតែផ្លាស់ប្តូរវិស័យទេសចរណ៍ ទៅវិញទៅមក ពិសេសការភ្ជាប់សេវារថយន្តក្រុងដោយផ្ទាល់ ពីរាជធានីភ្នំពេញទៅបារៀ-វង់តាវ ឬពីបារៀ-វង់តាវ មកកាន់រាជធានីភ្នំពេញវិញ។ បន្ថែមពីនេះទៀត គឺការផ្លាស់ប្តូរវិនិយោគលើវិស័យទេសចរណ៍ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាជន នៃប្រទេសទាំង២បានធ្វើដំណើរកម្សាន្តទៅវិញទៅមក»

លោក ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាមបានគាំទ្រចំពោះគម្រោងពង្រីកកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវិស័យទេសចរណ៍នេះថា នឹងជួយទាក់ទាញ ភ្ញៀវទេសចរទាំងសងខាងបានកាន់តែច្រើន៕

Advertising