(ភ្នំពេញ)៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងសមាគមទីភ្នាក់ងារទេសចរណ៍ ខេត្តបារៀ-វង់តាវ ប្រទេសវៀតណាម បានចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍។

លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នាមួយនេះ ដើម្បីជួយគ្នាធ្វើឲ្យគោលដៅទេសចរណ៍ នៃប្រទេសជិតខាងទាំងពីរ កម្ពុជា-វៀតណាម មានសន្ទុះកាន់តែខ្លាំងជាងមុន។ លោកស្រីថ្លែងថា សមាគមទីភ្នាក់ងារទេសចរណ៍ ខេត្តបារៀ-វង់តាវ ប្រទេសវៀតណាម ក៏ចង់ផ្សព្វផ្សាយតំបន់ទេសចរណ៍របស់គេ ក្នុងគោលដៅស្រូបទាញភ្ញៀវទេសចរណ៍ពីកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមមួយកម្រិតទៀតផងដែរ។

លោកស្រីថ្លែងបញ្ជាក់ទៀតថា «យើងព្រមព្រៀងគ្នាក្នុងការជំរុញ ភ្ញៀវទេសចរណ៍ទាំងពីរកន្លែងនេះ ឲ្យកាន់តែបានច្រើនជាងមុន ជាពិសេសជួយជំរុញភ្ញៀវទេសចរណ៍ ខេត្តបារៀ-វង់តាវ ឲ្យចូលមកកម្ពុជា។ យើងឃើញថា កម្រិតជីវភាពប្រជាពលរដ្ឋយើងទាំងពីរ កាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ អញ្ចឹងហើយគុណភាព សេវាកម្មទាំងឡាយក៏ត្រូវការល្អជាងមុន»

លោកស្រីបន្តថា «សម្រាប់ខេត្តបារៀ-វង់តាវ លំហូរភ្ញៀវកម្ពុជានៅមានកម្រិត អញ្ចឹងហើយទើបបានជាវៀតណាមចាប់ផ្តើម ចូលមកធ្វើការសហការជាមួយយើង»។

បើតាមលោកស្រី ឆាយ ស៉ីវលីន តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ លោកស្រីសង្ឈឹមថា កម្ពុជាក៏អាចស្រូបទាញភ្ញៀវទេសចរណ៍ពីខាងវៀតណាមផងដែរ។ លោកស្រី បានគូសបញ្ជាក់ថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងសមាគមទីភ្នាក់ងារទេសចរណ៍ ខេត្តបារៀ-វង់តាវ នឹងបង្កើតកញ្ចប់ទេសចរចណ៍ពិសេសមួយ លើសពីសេវាកម្មទេសចរណ៍ធម្មតា ដើម្បីឲ្យមានភាពទាក់ទាញទាំងសងខាង។

លោកស្រីថ្លែងថា «យើងធ្វើការផ្សព្វផ្សាយ Promotion ដល់ភ្ញៀវរៀងៗខ្លួន។ នៅខេត្តបារៀ-វង់តាវ ចាប់ផ្តើមផ្សព្វផ្សាយពីកម្ពុជាកាន់តែច្រើនជាងមុន មិនត្រឹមតែផ្សព្វផ្សាយទេ យើងនឹងធ្វើការ Promotion រួមគ្នា គឺយើងបន្ថែមតម្លៃឲ្យល្អ បន្ថែមសេវាកម្មពិសេសណាមួយ មិនធម្មតាដូចជាការផ្សព្វផ្សាយទូទៅទេ ដើម្បីឲ្យមានភាពទាក់ទាញទាំងសងខាង ទាំងខេត្តបារៀ-វង់តាវ ទាំងកម្ពុជា»

លោក ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបារៀ-វ៉ុងតាវ បានថ្លែងបង្ហាញពីសក្តានុពលទេសចរណ៍ របស់ខ្លួនគួរឲ្យចង់ទៅទស្សនា។

លោកអះអាងថា ចំណុចសំខាន់ៗនៃវិស័យទេសចរណ៍របស់ខេត្តបារៀ-វង់តាវ មានទាំងវប្បធម៌ ពាណិជ្ជកម្ម សមុទ្រ និងតំបន់ទាក់ទាញទេសចរណ៍ជាច្រើនទៀត៕

Advertising