(ភ្នំពេញ)៖ លោកស្រី ហ៊ាន ប៉ូលីណេ តំណាងកម្ពុជាប្រចាំអាយឆា (AICHR-Cambodia) នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា បច្ចុប្បន្ននេះ កម្ពុជាមានលទ្ធភាព និងភាពខ្លាំងគ្រប់គ្រាន់ ក្នុងការលើកកម្ពស់សិទ្ធិទទួលបានការអប់រំ ជាពិសេសដល់ជនដែលងាយរងគ្រោះជាអាទិ៍ ស្ត្រី កុមារ និងជនដែលមានពិការភាព។

លោកស្រីបានអះអាងថា ដោយសារកត្តាចំណុចវិជ្ជមានទាំងនេះហើយ បានជាកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះ កិច្ចសន្ទនាថ្នាក់តំបន់អាស៊ាន ស្តីពី «ការបញ្រ្ជាបសិទ្ធិទទួលបានការអប់រំក្នុងសហគមន៍អាស៊ាន លើកទី២»។

ការអះអាងបែបនេះរបស់លោកស្រី ហ៊ាន ប៉ូលីណេ បានធ្វើឡើងនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅក្នុងពិធីបើកកិច្ចសន្ទនាកម្រិតខ្ពស់របស់ថ្នាក់តំបន់អាស៊ាន ស្តីពី «ការបញ្រ្ជាបសិទ្ធិទទួលបានការអប់រំក្នុងសហគមន៍អាស៊ាន លើកទី២» ដែលប្រព្រឹត្តឡើងក្រោមអធិបតី លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

ក្នុងបើកកម្មវីធីបើកកិច្ចសន្ទនានេះដែរ លោក កែវ រ៉េមី បានគូសបញ្ជាក់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា និងអាស៊ានលើវិស័យសិទ្ធិមនុស្ស និងការអប់រំ ហើយបានបង្ហាញនូវការប្តេជារបស់រាជរដ្ឋាភិបាល ក្នុងការកសាងសមត្ថភាពធនធានមនុស្ស ដែលជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ គោលនយោបាយ និងផែនការ ដើម្បីលើកកម្ពស់ការទទួលបានការអប់រំ និងការបណ្ដុះបណ្តាលវិជ្ជាជីវៈ ប្រកបដោយគុណភាព និងទូលំទូលាយ។

លោកស្រី ហ៊ាន ប៉ូលីណេ បានថ្លែងយ៉ាងដូច្នេះថា៖ «ជាក់ស្តែងអត់មានអ្វីដែលឥតខ្ចោះទេ ប៉ុន្តែអ្វីដែលកម្ពុជា បាននិងកំពុងធ្វើ គឺមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់។ ត្រង់នេះសបញ្ជាក់ថា កម្ពុជាយើងបានលើកកម្ពស់ការអប់រំរបស់ខ្លួនយើងដល់កម្រិតដែលល្អប្រសើរ និងគួរឱ្យកត់សម្គាល់ ទាំងនៅថ្នាក់ជាតិ និងតំបន់ផងដែរ។ បើយើងមិនមានភាពខ្លាំងលើវិស័យអប់រំ និងសិទ្ធិមនុស្សទេ ក៏យើងមិនហ៊ានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីកិច្ចសន្ទនាថ្នាក់តំបន់អាស៊ាននារយៈពេលបីថ្ងៃនេះដែរ»

លោកស្រីបានបន្តថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសមត្ថភាពខ្លាំង និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ព្រមទាំងសិទ្ធិទទួលបានការអប់រំ។ ដូច្នេះហើយទើបកម្ពុជា មានសេចក្តីក្លាហាន សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាកម្រិតខ្ពស់របស់ថ្នាក់តំបន់របស់អាស៊ាន ដើម្បីបញ្រ្ជាបសិទ្ធិទទួលបានការអប់រំ ក្នុងសហគមន៍ទាំងបីរបស់អាស៊ាន ជាលើកទី២នេះ។

លោកស្រី បានបន្ថែមទៀតថា តាមរយៈកិច្ចសន្ទនានេះ កម្ពុជានឹងទទួលបានផ្លែផ្កាដ៏ល្អ ដែលកម្ពុជាទទួលបាន ការចូលរួម និងធាតុចូលយ៉ាង សស្រាក់សស្រាំ ពីតំណាងមកពីប្រទេសអាស៊ានទាំង១០ និងតំណាងមកពីស្ថាប័ន និងអង្គភាពរបស់អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ការអប់រំ ស្ត្រីនិងកុមារ និងសុខុមាលភាពសង្គមជាដើម ព្រមទាំងតំណាងមកពីអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ សង្គមស៊ីវិល និងស្ថាប័នសិទ្ធិមនុស្សជាតិពីតំបន់អាស៊ាន។ បន្ថែមពីលើនេះ កម្ពុជានិងប្រទេសសមាជិកអាស៊ានដទៃទៀត នឹងទទួលបានផលប្រយោជន៍ និងអនុសាសន៍ល្អៗ ក្នុងការបញ្ជ្រាបសិទ្ធិទទួលបានការអប់រំ ទៅក្នុងសរសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន ជាពិសេសការលើកកម្ពស់សិទ្ធិ ទទួលបានការអប់រំ ដល់ជនដែលងាយរងគ្រោះ ដូចជាស្ត្រី កុមារ និងជនដែលមានពិការភាព ស្របតាមចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥។

លោកស្រី ហ៊ាន ប៉ូលីណេ បានបញ្ជាក់ថា តាមរយៈកិច្ចសន្ទនានេះ កម្ពុជាពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលមានលទ្ធភាពអញ្ជើញវាគ្មិនល្បីៗ មកពីស្ថាប័ននិងអង្គភាពអាស៊ាន ប្រទេសសមាជិកអាស៊ាន អង្គការសហប្រជាជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធនានា ដើម្បីឱ្យពួកគាត់ចូលរួមចែករំលែកចំណេះដឹង ធាតុចូល និងអនុសាសន៍នៅក្នុងកិច្ចសន្ទនា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ។

សូមជម្រាបថា «កិច្ចសន្ទនាថ្នាក់តំបន់អាស៊ាន ស្តីពីការបញ្រ្ជាបសិទ្ធិទទួលបានការអប់រំ ក្នុងសហគមន៍អាស៊ាន លើកទី២ (The 2nd AICHR Regional Dialogue on Mainstreaming of the Right to Education in the ASEAN Community)» មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR)៕

Advertising