(ភ្នំពេញ)៖ ដើម្បីចង់ឲ្យធនធានមនុស្សខ្មែរយើង ក្លាយជាមនុស្សមានខួរក្បាលខ្លាំង មានសមត្ថភាពអស្ចារ្យ ពូកែលើបច្ចេកវិទ្យាផលិតមនុស្សយន្ត ឧបករណ៍យន្តផ្សេងៗ ពិសេសក្លាយជាវិស្វករអេឡិចត្រូនិចពេញដោយសមត្ថភាព ខណៈដែលវិស័យបច្ចេកវិទ្យាជឿនលឿនកម្រិតខ្ពស់លើវិស័យបញ្ជា Robot ស្តង់ដាពិភពលោកបែបនេះ ត្រូវបានសាលាអន្តរជាតិ Bluebird British international School មានបើកបង្រៀនហើយជាមួយគ្រូបច្ចេកទេសមកពីបរទេស ដែលមានសញ្ញាបត្រ និងបទពិសោធន៍ពេញលេញក្នុងការបង្រៀន។

ស្ថិតនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសាលាអន្តរជាតិ Bluebird british international school ជាមួយក្រុមហ៊ុន RoboThink Cambodia នាពេលថ្មីៗនេះ លោកស្រី Karen McArthur នាយកសាលា បានលើកឡើងថា កម្ពុជាកំពុងមានការរីកចម្រើនលើច្រើនវិស័យ ពិសេសវិស័យអប់រំ ឃើញមានការលូតលាស់ និងគុណភាពកាន់តែល្អឡើងៗ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងលើវិស័យនេះ ឲ្យកាន់តែមានប្រសិទ្ធខ្ពស់ឡើងៗ ទើបខាងសាលាក៏មានទំនុកចិត្តខ្ពស់ ក្នុងការនាំយកបច្ចេកវិទ្យាទំនើបបញ្ជាលើ Robot មកដល់សាលា ដើម្បីបង្រៀនកូនខ្មែរឲ្យក្លាយជាធនធាន ដ៏មានសក្ដានុពលមួយ ក្នុងការជួយជ្រោមជ្រែងប្រទេសជាតិឲ្យមានការរីកចម្រើនលើវិស័យបច្ចេកវិទ្យាមួយនេះ។

លោក គុយ ប៉ាន់ឆ័យ អគ្គនាយកក្រុមហ៊ុនរ៉ូបូស៊ីង កម្ពុជា បានលើកឡើងថា កម្មវិធីនេះលើកទឹកចិត្ត និងកសាងផ្នត់គំនិតសិស្សឲ្យសិស្សក្លាយជាវិស្វករ និងអ្នកបច្ចេកវិទ្យានាពេលអនាគត ដែលប្រទេសកម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុងត្រូវការយ៉ាងខ្លាំងលើមុខជំនាញនេះ។ កម្មវិធីរបស់ RoboThink ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

លោកបញ្ជាក់ថា អត្ថប្រយោជន៍នៃការសិក្សាកម្មវិធីនេះ មិនត្រឹមតែចំណេះដឹងទូទៅលើផ្នែកគ្រឿងយន្ត និងការសរសេរកូដប៉ុណ្ណោះទេ តែកុមារដែលចូលរួម សិក្សាកម្មវិធីនេះ នឹងទទួលបានរួមមានជំនាញគិតពិចារណា ការដោះស្រាយបញ្ហា ចេះភាសាឌីជីថល មានការច្នៃប្រឌិតខ្ពស់ និងការបង្កើតថ្មី។ RoboThink គឺជាអនាគតសម្រាប់មនុស្សជំនាន់ក្រោយដែលកម្មវិធីនេះ នឹងជួយឲ្យកុមារធំឡើងក្លាយជាវិស្វករជោគជ័យ និងជាក្តីសុបិន្តរបស់ពួកគាត់។

សូមបញ្ជាក់ថា បច្ចេកវិទ្យា RoboThink នេះ គឺជាកម្មវិធីសិក្សាបែបសប្បាយៗ ដែលផ្តោតសំខាន់លើវិស្វកម្ម និងបច្ចេកវិទ្យាស្របតាមកម្មវិធីអប់រំបែបស្ទែម។ ស្ទែម គឺជាឈ្មោះដែលតំណាងឲ្យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សរសេរកូដ និងគណិតវិទ្យា។

កម្មវិធីអប់រំបែបស្ទែមនេះ ត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកសិក្សាវ័យក្មេង ដើម្បីអភិវឌ្ឍជំនាញចាំបាច់ សម្រាប់អនាគតឌីជីថលដែលយើងកំពុងឆ្ពោះទៅ។
នៅក្នុងកម្មវិធី RoboThink គឺផ្តោតលើការសាងសង់គ្រឿងចក្រ បច្ចេកវិទ្យា វិស្វកម្ម សរសេរកូដ និងសរសេរកម្មវិធី ដើម្បីបញ្ជាគ្រឿងចក្រនោះ។

ជុំវិញការសិក្សាលើបច្ចេកវិទ្យានេះ ក្រុមសិស្សសាលាដែលកំពុងសិក្សាលើបច្ចេកវិទ្យានេះ បានប្រាប់ថា ពួកគេពិតជាសប្បាយរីករាយណាស់ ដែលបានមករៀនមុខវិជ្ជាមួយនេះ ហើយកាន់តែរំភើបពេលកំពុងរៀន បានចេះបញ្ជារ៉ូបូត ដែលបានផលិតដោយផ្ទាល់ខ្លួន។ ណាមួយពេលកំពុងរៀន ពួកគេចេះភាសាអង់គ្លេសថែមមួយកម្រិតទៀតផង ដូច្នេះពួកគេចង់ឲ្យកុមារផ្សេងៗទៀត បើចង់ចេះផលិតរ៉ូបូត និងចង់ចេះបញ្ជាវា សូមមករៀននៅសាលាអន្តរជាតិ Bluebird British International School មក៕

Advertising