(ភ្នំពេញ)៖ បច្ចុប្បន្ននេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាននិងកំពុងវិវត្តន៍ខ្លួនរីកចម្រើនឥតឈប់ឈរ ដែលការរីកចម្រើនទាំងនេះ ក៏បានមកពីការជោគជ័យរបស់អតិថិជនមានន័យថា ប្រសិនបើគ្មានការជោគជ័យពី អតិថិជននោះទេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏មិនជោគជ័យនោះឡើយ។ នេះបើតាមការបញ្ជាក់ពីលោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។

លោក គា បូរាណ ថ្លែងឲ្យដឹងថា ដើម្បីជំរុញវិស័យនេះឲ្យកាន់តែប្រសើរឡើងទៀតនោះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញគោលដៅ២យ៉ាងរួមមាន៖

១៖ ការផ្ដល់ឥណទានដល់ប្រជាជនដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុនេះពីគ្រឹះស្ថានផ្លូវការ។

២៖ ធ្វើយ៉ាងណាឲ្យអតិថិជនទទួលបានការរីកចម្រើន ដើម្បីជួយឲ្យវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលបានភាពល្អប្រសើរ ព្រោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចជោគជ័យបាន លុះត្រាតែអតិថិជនទទួលបានជោគជ័យដូចគ្នា។

ការលើកឡើងបែបនេះ របស់លោក គា បូរាណ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកម្មវិធី «ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ តាមរយៈវិស័យមីក្រូហិរញ្ញវត្ថុ» ដែលរៀបចំឡើងដោយមានការចូលរួមពីលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

លោកបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចាប់ផ្ដើមរីកចម្រើនខ្លាំងនៅកំឡុងឆ្នាំ២០០៦ ប៉ុន្ដែនៅក្នុងឆ្នាំ២០០៩-២០១០ កម្ពុជាបានជួបវិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យថមថយមួយរយៈពេល តែបានរីកលូតលាស់មកវិញនៅចុងឆ្នាំ២០១០។

លោកបញ្ជាក់ថា ដំណាក់កាលសព្វថ្ងៃនេះ ជាដំណាក់កាលទី៣ និងជាដំណាក់កាលដែលវិស័យនេះ កំពុងតែរីកលូតលាស់ខ្លាំង ហើយរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង២.១លានគ្រួសារ ទទួលបានសេវាប្រាក់កម្ចីពី វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថិតក្រោម CMA) ដែលមានអាជ្ញាប័ណ្ណពី ធនាគារជាតិនៃកម្ពុជា ផ្ដល់ឥណទានដល់ជនបទ។

លោកបានបន្ថែមថា ការរីកចម្រើនេះអាចនិយាយបានថា ជាកត្តាជោគជ័យមួយ សម្រាប់យើងទាំងអស់គ្នា និងទទួលស្គាល់ថា ជាការជោគជ័យរបស់អតិថិជន ដោយសារអតិថិជនទទួលបានឥណទាន យកទៅប្រើប្រាស់ ដើម្បីបង្កើនមុខរបរ និងផលចំណេញដល់ក្រុមគ្រួសាររបស់ពួកគាត់។

លោក ហេង បូមករា ក៏បានឲ្យដឹងផងដែរថា ការរួមចំណែករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីឈានទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោកបានបន្ដថា ជាមួយនឹងការរីកចម្រើននេះ ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលរួមមាន៖ ការផ្ដល់សេវាមិនបានឆ្លើយតបនឹងតម្រូវការអតិថិជន, ការផ្ដល់សេវាដោយគ្មានវិជ្ជាជីវៈ, ការបោកប្រាស់អតិថិជន ហើយសម្រាប់គ្រឹះស្ថានខ្លះ មិនបានបង្ហាញតម្លៃសេវា និងលក្ខខណ្ឌទាំងអស់ដល់អតិថិជនឡើយ។

លោកបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញវិធានការជាច្រើន តាមរយៈឞទបញ្ញាតិ្ត ក្នុងគោលបំណងផ្ដល់ព័ត៌មាន, ការពារសិទ្ធិ និងផលប្រយោជន៍របស់អតិថិជន ព្រមទាំងលើកទឹកចិត្តដល់សាធារណជន លើប្រព័ន្ធធនាគារថែមទៀតផង៕

Advertising