(កណ្តាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានរៀបចំវេទិការសាធារណៈជាមួយប្រជាជន និងយុវជនក្នុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីស្វែងយល់ពីសុខទុក្ខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ព្រមទាំងកង្វល់ដែលកើតមាននៅក្នុងមូលដ្ឋាន ដើម្បីដោះស្រាយឱ្យបានទាន់ ពេលវេលាព្រឹកថ្ងៃទី២១ ខែតុលា នៅក្នុងបុរីកុមារមិត្តភាពកម្ពុជាបារាំងហុងគ្រី ស្រុកកណ្ដាលស្ទឹង។

ក្នុងអង្គវេទិការតំណាងយុវជន និងប្រជាពលរដ្ឋបានលើកឡើងពីផលប៉ៈពាល់ជំរៅ នៃការជីករណ្ដៅដី និងឡានដឹកដីរបស់ក្រុមហ៊ុននាំឱ្យហុយពិបាកធ្វើដំណើរ បញ្ហាគ្រឿងញៀន សន្តិសុខមានបទល្មើសចោរលួចប្លន់ នៅក្នុងមូលដ្ឋានប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរជួយពង្រឹងសន្តិសុខភូមិឃុំមានសុវត្ថិភាព។ ចំណែកនៅឃុំរលាំងកែន ប្រជាពលរដ្ឋបានសំណូមពរ ឱ្យក្រុមការងារជួយធ្វើស្ពានឆ្លងស្ទឹង១កន្លែង សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្ស។ ឃុំព្រែករកា និងឃុំព្រៈពុទ្ធសំណូមពរជួយស្ដារប្រពន្ធ័ប្រឡាយ ស្ដារស្ទឹង និងជួយដោះស្រាយ ចំពោះការចាក់ដីលុបស្ទឹងរបស់ក្រុមហ៊ុនឯកជន ដែលធ្វើឱ្យប៉ៈពាល់ការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ។

ជាពិសេសប្រជាពលរដ្ឋ បានសំណូមពរដល់ប្រពន្ធ័តុលាជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងការងារ កែសំបុត្រអត្រានុកូលដ្ឋានប្រគល់សិទ្ធិឱ្យមកនៅត្រឹមថ្នាក់ឃុំបានហើយ។ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង បានទទួលយកនូវសំណូមពរ និងដោះស្រាយការងារមួយចំនួន ដែលជាតម្រូវការចាំបាច់ក្នុងមូលដ្ឋាន ហើយបានណែនាំជម្រុញឱ្យក្រុមការងារ តាមឃុំនីមួយៗ ចុះពិនិត្យ និងដោះស្រាយជាក់ស្ដែងចំពោះសំណូមពរមួយចំនួនទៀត ដូចជា ការកសាងផ្លូវលំនិងប្រពន្ធ័ធារាសាស្រ្តធំៗ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នឹងរាយការណ៍ផ្ដល់លទ្ធភាពទុកឱ្យក្រុម ការងារអន្តរក្រសួងជួយដោះស្រាយជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ បានជម្រាបពីសភាពការណ៍នយោបាយសេដ្ឋកិច្ចជាតិ និងអន្តរជាតិថ្មីៗ មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការរីកចម្រើនរបស់ប្រទេសជាតិ និងការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ននេះទេ។

នាយឧត្តមសេនីយ៍ បានណែនាំដល់អាជ្ញាធរកម្លាំងសមត្ថកិច្ច ត្រូវធ្វើអំពើល្អបំរើប្រជាពលរដ្ឋឱ្យបានល្អ ដូចជា សេវាសាធារណៈ សេវាតម្រូវការ សេវាសំណូមពរ ការពារសន្តិសុខសណ្ដាប់ធ្នាប់ លុបបំបាត់ចោរលួចចោរប្លន់គ្រឿងញៀននៅក្នុងមូលដ្ឋាន ធ្វើឱ្យភូមិ-ឃុំ មានសុវត្ថិភាពដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិ ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនក្នុងស្រុកកណ្ដាលស្ទឹងទាំងអស់ កុំជឿកុំចាញ់បោកការឃោសនា និងកុំចូលរួមសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាមួយទណ្ឌិត សម រង្ស៊ី ឱ្យសោះជាទង្វើខុសច្បាប់ជាជនក្បត់ជាតិ ដែលធ្វើឱ្យប្រទេសជាតិធ្លាក់ ក្នុងសង្រ្គាមដូចប្រទេសស៊ីរី លីប៊ី និងអ៊ីរ៉ាក់ជាដើម។

នាយឧត្តមសេនីយ៍ បានទទូចឲ្យចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម អភិវឌ្ឍន៍ជាតិ និងបន្តគាំទ្របេក្ខភាពរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៦ និងនៅអាណត្តិជាបន្តបន្ទាប់ដើម្បីដឹកនាំប្រទេសធ្វើការអភិវឌ្ឍឱ្យរីកចម្រើនបន្តទៅមុខទៀត។ នៅថ្ងៃទី៩ វិច្ឆិកា នាយឧត្តមសេនីយ៍ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ និងក្រុមយុវជនទាំងអស់ពិសារអំបុកទាំងអស់គ្នា ដើម្បីសន្តិភាពការពារជាតិ សាសនា ព្រះមហាក្សត្រ៕

Advertising