(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធគ្រប់ប្រភេទ ត្រូវថែរក្សាពង្រឹងស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានឲ្យបានរឹងមាំជូនប្រជាពលរដ្ឋ។ ការស្នើរនេះធ្វើឡើង ខណៈលោកអភិបាលខេត្ត ដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងការងារផ្សព្វផ្សាយស្ដីពីវិធានការចាំបាច់នានា ពាក់ព័ន្ធ ការងារសម្រាប់ទប់ស្កាត់សភាពការណ៍បច្ចុប្បន្ននៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត យោធភូមិភាគ៣ បញ្ជាការដ្ឋានការពារកោះឆ្នេរ បញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១១ មូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ នាយកដ្ឋាននគរបាលព្រំដែនទឹក នាយក នាយករងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត សរុប ៧៩នាក់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «បច្ចុប្បន្នប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មានការរីកចម្រើន ជឿនលឿនលើគ្រប់វិស័យ ក្រោមម្លប់សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានធានារឹងមាំ ប្រជាពលរដ្ឋរស់នៅមានភាពកក់ក្ដៅក្រោមដំបូល នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធមនុស្ស។ ប៉ុន្តែក្នុងដំណាក់កាលចុងក្រោយនេះ ពួកឧទ្ទាមនៅក្រៅប្រទេសមួយក្ដាប់តូច បានជំរុញឲ្យបរទេសដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាយើង។ ពួកគេទាំងនោះតែងបានខិតខំរិះរក ឧបាយកលគ្រប់បែបយ៉ាងក្នុងការធ្វើសកម្មភាពញុងះញង់បំបែកបំបាក់ជាតិ ក្នុងគោលបំណងប៉ុនប៉ងដណ្ដើមអំណាច តាមរយៈការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលទង្វើទាំងនេះផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះដើម្បីចូលរួមពង្រឹងធានានូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈសង្គម ពិសេសការថែរក្សាការពារសុខសន្តិភាព ដើម្បីការអភិវឌ្ឍរីកចម្រើនប្រទេសជាតិ និងជីវភាពរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាពលរដ្ឋយើងឲ្យបានកាន់តែថ្កុំថ្កើនបន្តទៅមុខថែមទៀតនោះ»

លោក ជាវ តាយ ក៏បានក្រើនរំលឹកណែនាំ ដល់អាជ្ញាធរ និងសមត្ថកិច្ច មន្ទីរ អង្គភាព ជំនាញគ្រប់ផ្នែក និងកងកម្លាំងឯកភាពគ្រប់ថ្នាក់ត្រូវតែរួម សហការគ្នាដាក់ចេញនូវផែនការសកម្មភាពជាក់ស្ដែង ដើម្បីជាវិធានការថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅបណ្ដាភូមិសាស្ត្រក្នុងខេត្ត និងបង្កាទប់ស្កាត់នូវរាល់សភាពការណ៍ពាក់ព័ន្ធដល់ផែនការឧបាយកលពួកឧទ្ទាមដែលកំពុងបង្កអស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងនាំឲ្យអន្តរាយដល់ប្រទេសជាតិ ដែលរំខានដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាការទាក់ទាញវិនិយោគិន និងការបង្កើតការងារសម្រាប់ប្រជាជនកម្ពុជាយើងផងដែរ។

ពាក់ព័ន្ធការងារជុំវិញជំលោះដីធ្លីក្នុងមូលដ្ឋាននោះ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមសហការគ្នាខិតខំរកវិធីដោះស្រាយ ដោយភាពទន់ភ្លន់តាម គោលការណ៍ឈ្នះឈ្នះជូនគ្រប់ភាគីជំលោះ ហើយបើដោះស្រាយមិនបានសម្រេចទេត្រូវតែចាត់វិធានការណ៍តាមនីតិវិធីច្បាប់អោយបានម៉ឺងម៉ាត់៕

Advertising