(ភ្នំពេញ)៖ ក្រោយជម្រុះបេក្ខជនប្រលងចម្រៀងជាក្រុម JMB ចេញក្នុងវគ្គ Live Show សប្តាហ៍ទី៨កាលពីរាត្រីថ្ងៃទី២០ ខែតុលានេះ មានបេក្ខជនត្រឹម៦រូបប៉ុណ្ណោះ ដែលអាចមានឱកាសឡើងបង្ហាញសមត្ថភាពជាថ្មី ក្នុងវគ្គដែលកាន់តែរន្ធត់ គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយ។

លោកស្រី គង់ កុសល នាយិការទីផ្សារនៃក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់បេក្ខជនខ្លាំងទាំង៦រូប និងក្រុមយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាកោតសរសើរចំពោះការបង្ហាញជូនសមត្ថភាព របស់បេក្ខជននៃកម្មវិធី X Factor Cambodia ពីព្រោះពី មួយ សប្តាហ៍ទៅមួយសប្តាហ៍ វិញ្ញាសាគឺគួរឱ្យចាប់អារម្មណ៍ និងទាមទារឱ្យបេក្ខជនទាំងអស់ចេះបត់បែន ធ្វើយ៉ាងណាទាក់ទាញទស្សនិកជន ឱ្យបន្តផ្ញើសារគាំទ្រពួកគេរហូតសម្រេចលទ្ធផលឈានឡើងមកដល់វគ្គដ៏ពិសេស គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»

លោកស្រីបន្តថា៖«នៅសល់តែពីរសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រកួតចម្រៀងលំដាប់ថ្នាក់ពិភពលោកនេះ នឹងជ្រើសរើសបានម្ចាស់ពានរង្វាន់នៃកម្មវិធី X Factor Cambodia រដូវកាលទីមួយហើយ ព្រោះក្រោយពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ សប្តាហ៍បន្ទាប់គឺជាវគ្គផ្តាច់ព្រ័ត្រ»

លោកស្រី ក៏សូមអំពាវនាវដល់ទស្សនិកជនទាំងអស់ បន្តទស្សនា និងផ្ញើសារគំាទ្រដល់តារាក្នុងដួងចិត្តរបស់ពួកគេ ត្បិតនេះមិនមែនគ្រាន់តែជាការប្រលងរវាងបេក្ខជន និងបេក្ខជនប៉ុណ្ណោះទេ តែក៏ជាការប្រកួតរវាងគណកម្មការដែលជាអ្នកបង្វឹកបេក្ខជននីមួយៗផងដែរ៕

Advertising