(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA ដាក់ឱ្យដំណើរការសេវា ដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ ចំនួន១៣ខ្សែ ប្រើប្រាស់រថយន្តក្រុងចំនួន ២៣៥គ្រឿង និងមានប្រជាពលរដ្ឋគាំទ្រប្រើប្រាស់សេវានេះ ពី២៦,០០០នាក់ ទៅ៣០,០០០នាក់ ក្នុងមួយថ្ងៃ។

ក្នុងសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ទន្ទឹមនឹងការរីកចម្រើនខាងលើនេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងធានាំបាននូវប្រសិទ្ធភាព នៃកិច្ចប្រតិបត្តិការ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យរដ្ឋាករ និងក្រមជំនាញការ JICA ធ្វើការកែសម្រួលខ្សែរត់ចាស់មួយចំនួនដូចខាងក្រោម៖

ទី១៖ ខ្សែទី១B ដែលពីមុនរត់ចេញពីចំណតច្បារអំពៅ រហូតដល់ផ្សារគគីរ ត្រូវបានកែសម្រួលឱ្យរត់ចេញពីចំណតបឹងឈូកទៅផ្សារគគីរ (វិលជុំ) វិញ។

ទី២៖ ទីខ្សែ៥ បច្ចុប្បន្នរត់ពីស្ថានីយ៍ចំណតរថយន្តក្រុងព្រែកព្នៅ កាត់តាមផ្សារអ៊ីអន២ ដល់ផ្សារអ៊ីអន១ ត្រូវបានកាត់ជាពីរខ្សែ ដោយខ្សែទី៥A រត់ចេញពីស្ថានីយចំណតរថយន្តក្រុងព្រែកព្នៅ ដល់ផ្សារអ៊ីអន២ (វិលជុំ) និងខ្សែទី២B រត់ណីផ្សារអ៊ីអន១ ដល់ផ្សារអ៊ីអន២ (វិលជុំ)។ ចំពោះការបង់ថ្លៃសេវា គឺអ្នកជិះបង់តែមួយលើក ដោយគ្រាន់តែបង្ហាញកន្ទយសំបុត្រលើកទី១ ដល់ភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ។

ទី៣៖ ខ្សែទី១០ ដែលពីមុនរត់ចេញពីផ្សារស៊ិនជូរីផ្លាហ្សា ដល់ចំណតបឹងឈូក ត្រូវបានកែសម្រួលឱ្យរត់ចេញពីស្ថានីយចំណតរថយន្តក្រុងផ្លូវ២០០៤ ជាប់របងបញ្ជាការដ្ឋានកាំងទ័ពអាកាស ដល់ច្បារអំពៅរួចវិលត្រលប់មកវិញ។

ទី៤៖ ខ្សែទី១៣ ពីមុនរត់ចេញពីចំណិតរង្វង់មូលកួចកាណុង ទៅដល់រង្វង់មូលផ្សារដើមថ្កូវ (វិលជុំ) ត្រូវបានកែសម្រលឱ្យរត់ចេញពីចំណត រាជាយស្ម័យយាន ទៅដល់រង្វង់មូលផ្សារដើមថ្កូវ វិលជុំវិញ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

Advertising